ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-កម្ពុជា ឆ្នាំ២០២៦ បើកជាផ្លូវការនៅកោះពេជ្រ
AKP ភ្នំពេញ ថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៦--ពិធីពិព័រណ៍ពាណិជ្ជកម្ម និងការតភ្ជាប់ធុរកិច្ច វៀតណាម-កម្ពុជា ឆ្នាំ២០២៦ (VIDEX CAMBODIA 2026) ត្រូវបានរៀបចំឡើងជាផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ដោយមានការអញ្ជើញជាអធិបតីពី ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ ថាណា រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្មកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិវៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម សមាគមពាណិជ្ជកម្មវៀតណាម-កម្ពុជា សមាគមខ្មែរ-វៀតណាមនៅកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។

ព្រឹត្តិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានសហការរៀបចំឡើងដោយក្រសួងការពារជាតិ និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសហការជាមួយក្រសួងការពារជាតិ និងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើនទំហំការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីក្រុមហ៊ុនប្រមាណជិត ១៦០ក្រុមហ៊ុនមកពីប្រទេសទាំងពីរ ដោយមានស្តង់ពិព័រណ៍សរុបជាង ២៣០ស្តង់ ដោយមានការដាក់បង្ហាញផលិតផល និងសេវាកម្មសម្បូរបែប។ នៅក្នុងពិព័រណ៍នេះ មានការដាក់បង្ហាញ និងលក់ផលិតផលគុណភាពខ្ពស់ជាច្រើនវិស័យ រួមមាន គ្រឿងឧបភោគបរិភោគ ផលិតផលកសិកម្ម បច្ចេកវិទ្យា និងគ្រឿងយន្ត ទំនិញប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារ។
ក្រៅពីការដាក់តាំងបង្ហាញផលិតផលនានា ព្រឹត្តិការណ៍នេះ ក៏ជាវេទិកាតភ្ជាប់ធុរកិច្ច (B2B Matching) ផងដែរ ដែលផ្តល់ឱកាសមាសសម្រាប់ក្រុមពាណិជ្ជករ អាជីវករលក់ដុំ និងអ្នកវិនិយោគកម្ពុជា ក្នុងការជួបប្រជុំពិភាក្សា និងចរចាពាណិជ្ជកម្មផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងរោងចក្រផលិតមកពីប្រទេសវៀតណាម ដើម្បីស្វែងរកដៃគូនាំចូល ចែកចាយ ឬសហការអាជីវកម្មរួមគ្នា។

មិនតែប៉ុណ្ណោះ អ្នករៀបចំកម្មវិធី បានត្រៀមកម្មវិធីពិសេសជូនកាដូសម្រាប់អ្នកចូលរួមនៅថ្ងៃបើកឆាកដំបូង (ថ្ងៃទី១៤ ខែតុលា) ដោយគណៈកម្មាធិការរៀបចំកម្មវិធីបានត្រៀមកញ្ចប់កាដូអនុស្សាវរីយ៍ចំនួន ២.០០០កញ្ចប់ ដែលជាផលិតផលមកពីសហគ្រាសវៀតណាម ដើម្បីជូនដល់សាធារណជន និងភ្ញៀវជាតិ-អន្តរជាតិដែលអញ្ជើញមកទស្សនា។

កម្មវិធីពិព័រណ៍ VIDEX CAMBODIA 2026 បើកទ្វារទទួលសាធារណជន អាជីវករ និងអ្នកវិនិយោគទាំងអស់ដោយសេរី ដែលនេះជាឱកាសដ៏ល្អសម្រាប់ប្រជាពលរដ្ឋក្នុងការទិញទំនិញគុណភាពខ្ពស់ក្នុងតម្លៃពិសេស និងសម្រាប់ពាណិជ្ជករក្នុងការស្វែងរកឱកាសរីកចម្រើនថ្មីៗសម្រាប់អាជីវកម្មរបស់ខ្លួន៕
ដោយ៖ យា ចិន្តាខន្តី





