ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង៖ ការស្តារឡើងវិញនូវទំនុកចិត្តរវាងកម្ពុជានិងថៃតម្រូវឱ្យមានការអនុវត្តវិធានការជាក់ស្តែង
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានចូលរួមកិច្ចប្រជុំលើកទី១៣៤ នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃហ្វ្រង់កូហ្វូនី (CPF) ក្រោមអធិបតីភាពរបស់លោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដោយមានការចូលរួមពីតំណាងផ្ទាល់របស់រដ្ឋ និងរដ្ឋាភិបាលជាសមាជិក។

ក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងអំពីស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដោយរំលឹកថា សន្តិភាពគឺជាតម្លៃមូលដ្ឋានដ៏សំខាន់សម្រាប់កម្ពុជា ដែលប្រវត្តិសាស្ត្ររបស់ខ្លួនធ្លាប់ឆ្លងកាត់សង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់អស់រយៈពេលជាច្រើនទសវត្សរ៍។ បទពិសោធន៍ដ៏ឈឺចាប់នេះបានរំលឹកយើងអំពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងការពង្រឹងសន្តិភាពឱ្យបានរឹងមាំ និងយូរអង្វែង។
ពាក់ព័ន្ធនឹងវិវាទព្រំដែនជាមួយប្រទេសថៃ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការ ដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងការគោរពគោលការណ៍សមភាពអធិបតេយ្យភាពរបស់រដ្ឋ។ ឯកឧត្តមឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា «ការស្តារឡើងវិញនូវទំនុកចិត្តរវាងប្រទេសទាំងពីរ តម្រូវឱ្យមានការអនុវត្តវិធានការជាក់ស្តែង ជាពិសេសការអនុវត្តសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការគោរពព្រំដែនអន្តរជាតិ ការបន្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនក្នុងក្របខ័ណ្ឌគណៈកម្មការចម្រុះព្រំដែនគោក (JBC) ព្រមទាំងការធានាឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ»។

ចំពោះវិវាទដែនសមុទ្រ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា កម្ពុជាផ្តល់អាទិភាពដល់យន្តការដោះស្រាយវិវាទដោយសន្តិវិធី ដែលមានចែងក្នុងច្បាប់អន្តរជាតិ ជាពិសេសនីតិវិធីផ្សះផ្សា ជាជាងការប្រឈមមុខដាក់គ្នា។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំ កិច្ចប្រជុំលើកទី៤៨ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (CMF) និង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។

ខណៈដែលព្រឹត្តិការណ៍ដ៏សំខាន់ទាំងពីរនេះកាន់តែខិតជិតមកដល់ កម្ពុជានៅតែប្តេជ្ញាចិត្ត និងកំពុងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីទទួលស្វាគមន៍គណៈប្រតិភូទាំងអស់ក្នុងលក្ខខណ្ឌល្អប្រសើរបំផុត និងធានាឱ្យកិច្ចប្រជុំទាំងពីរទទួលបានជោគជ័យ៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង





