កម្ពុជា-វៀតណាម ដាក់ចេញនូវមហិច្ឆតារួម ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ ប៊ីលានដុល្លារអាម៉េរិក នាពេលខាងមុខ
AKP ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុងពិធីបើក «វេទិកាធុរកិច្ចកម្ពុជា-វៀតណាម» (Cambodia-Vietnam Business Forum) ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
«វេទិកាធុរកិច្ចកម្ពុជា-វៀតណាម» គឺជាព្រឹត្តិការណ៍សេដ្ឋកិច្ចដ៏មានសារសំខាន់មួយ ដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការណ៍ពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ទំនាក់ទំនងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កម្ពុជា និងវៀតណាម បានដាក់ចេញនូវមហិច្ឆតារួមគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ ប៊ីលានដុល្លារអាម៉េរិក នាពេលខាងមុខ។ សម្តេចធិបតីបានសម្តែងក្តីជឿជាក់ថា ផ្អែកលើទំនាក់ទំនងដ៏ស៊ីជម្រៅ និងសក្តានុពលដែលមានស្រាប់ គោលដៅនេះគឺជាជំហានមួយដែលភាគីទាំងពីរអាចសម្រេចបាន ហើយសក្តានុពលនេះនឹងអាចពង្រីកបានច្រើនជាងនេះថែមទៀត។


សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា ការតភ្ជាប់សេដ្ឋកិច្ចសម្រាប់កម្ពុជា មហិច្ឆតានេះមិនត្រឹមតែវាស់វែងលើតម្លៃទំនិញដែលឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកាន់តែសំខាន់គឺ គុណភាព និងកម្រិតនៃការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ចំណែកទំហំវិនិយោគវិញ ផ្អែកតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២៦ CDC បានចុះបញ្ជីគម្រោងវិនិយោគរបស់វៀតណាមសរុបចំនួន ១០៧ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣,៦ ប៊ីលានដុល្លារអាម៉េរិក។

ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះវត្តមាន និងការរួមចំណែកយ៉ាងសកម្មរបស់វិនិយោគិនវៀតណាម ក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលជាង ៣ ទសវត្សរ៍កន្លងមកនេះ៕
ដោយ៖ គង់ សិរីរ័ត្ន





