សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការជំរុញនូវពាណិជ្ជកម្មឱ្យមានការកើនឡើង
AKP ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦-- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការជំរុញនូវពាណិជ្ជកម្ម ឱ្យមានការកើនឡើងបន្ថែមទៀត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាពាក្យព្រឹទ្ធសភា បន្ទាប់ពីជំនួបពិភាក្សាការងាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ក្នុងខណៈ ដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា។ សម្ដេចតេជោបានចាត់ទុកនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមមកកាន់កម្ពុជានៅពេលនេះ នឹងញ៉ាំងឱ្យទំនាក់ទំនងរវាង កម្ពុជា និងវៀតណាម កាន់តែរឹងមាំបន្ថែមទៀត។


ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមនាយករដ្ឋមន្រ្ដីបានឡើងថា សម្ដេចតេជោគឺជាមិត្តដ៏ជិតស្និទ្ធបំផុតរបស់វៀតណាម ហើយឯកឧត្តមក៏បានលើកឡើងដោយសរសើរពីភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដែលមាននាពេលបច្ចុប្បន្ននេះ ដែលមានការអភិវឌ្ឍជាបន្តបន្ទាប់។ ទន្ទឹមនេះ ឯកឧត្តមក៏អបអរសាទចំពោះកម្ពុជាដែលបានរៀបចំយ៉ាងជោគជ័យនូវសន្និសីទប្រធានសភានៃអន្តរសភាដែលបានរៀបចំជោគជ័យ កាលពីពេលកន្លងទៅនេះ។ ឯកឧត្តមនាយករដ្ឋមន្រ្ដីក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីជំនួបជាមួយសម្ដេចធិបតី ហ៊ុន ណែត ដោយបានជជែកគ្នាទាក់ទងទៅនឹងការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំ ហើយជាពិសេសគឺផ្ដោតទៅលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលធ្វើយ៉ាងណាជំរុញការធ្វើពាណិជកម្មរវាងប្រទេសទាំងពីរកាន់តែកើនឡើង។ ចំណុចដែលកត់សម្គាល់ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោនោះ គឺផ្ដោតសំខាន់ទៅលើពាណិជ្ជកម្មនៅតាមព្រំដែនរវាង កម្ពុជា និងវៀតណាម ឱ្យមានភាពមមាញឹកថែមទៀត ដើម្បីជំរុញនូវសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភាបានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជុំវិញទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ហើយជាពិសេសគឺពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលសម្ដេចតេជោបានលើកឡើងនៅចំពោះមុខឯកឧត្តមថា សេដ្ឋកិច្ច និងការវិនិយោគនេះ គឺជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដោយសម្ដេចជំរុញបន្ថែមទៀតឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការជំរុញនូវពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឱ្យមានការកើនឡើង។

ក្នុងឱកាសនោះ សម្ដេចតេជោក៏បានសម្ដែងនូវការពេញចិត្តចំពោះទំហំពាណិជកម្មរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងជាបន្តបន្ទាប់ ហើយសម្ដេចចង់ឃើញនូវការដាក់គោលដៅរវាងប្រទេសទាំងពីរ ទៅលើវិស័យដែលមានសក្តានុពលជាមួយគ្នា ហើយកិច្ចការទាំងអស់នេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន៕
ដោយ៖ ជឹម ណារី





