បទយកការណ៍៖ ការបោះបាយបិណ្ឌ ជាប្រពៃណី និងជាជំនឿដ៏ជ្រៅនៅក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ
AKP សៀមរាប ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦--ការបោះបាយបិណ្ឌ ជាទំនៀមទម្លាប់ និងជាប្រពៃណីដ៏រស់រវើកមួយក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌរបស់ប្រជាជនខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ (ចន្លោះខែកញ្ញា និងខែតុលា)។

សម្រាប់ពិធីបោះបាយបិណ្ឌនេះ ធ្វើឡើងនៅវេលាព្រលឹមស្រាងៗ (ប្រហែលម៉ោង ៣: ០០ ដល់ ៤:៣០ នាទីព្រឹក) នៅតាមវត្តអារាមនានាទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានប្រារព្ធធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីជាតិនោះ ក៏មានការពិភាក្សាវែកញែកគ្នា តាមបណ្ដាញសង្គម Facebook ជាច្រើនពាក់ព័ន្ធរឿងបោះបាយបិណ្ឌនេះ ដោយអ្នកខ្លះលើកឡើងថា ការបោះបាយបិណ្ឌនេះគឺល្អ អ្នកខ្លះថាមិនល្អ ឬមិនត្រឹមត្រូវ ជាដើម។

មន្រ្ដីជំនាញផ្នែកវប្បធម៌បានឱ្យដឹងថា ការបោះបាយបិណ្ឌនេះ គឺធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ជាពិសេសពិធីនេះធ្វើឡើងគឺដើម្បីរម្លឹកគុណដល់ជីដូនជីតា ឪពុកម្ដាយ បងប្អូន សាច់ញាតិ បុព្វបុរស បុព្វការីជន ដែលបានចែកឋានអំពីលោកនេះទៅកាន់បរលោកខាងមុខ ក្នុងនោះ ក៏មានសិលាចារឹកអះអាងថា ការបោះបាយបិណ្ឌក៏ជាការផ្ដល់លទ្ធភាពជួយសង្គ្រោះពួកប្រេតទាំងឡាយឱ្យរួចផុតពីទុក្ខទោស និងឱ្យវិលមកកើតជាមនុស្សវិញបាន ផងដែរ។

ពាក់ព័ន្ធរឿងនេះ លោក ធឿន វុឌ្ឈី មន្រ្តីនៃមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានលើកឡើងថា ឆ្នាំនេះ យើងឃើញមានរឿងមួយ ដែលនៅក្នុងបណ្តាញសង្គមកំពុងតែពិភាក្សា ឬក៏ជាការជជែកវែកញែកពាក់ព័ន្ធនឹងរឿងបោះបាយបិណ្ឌថាល្អ ឬមិនល្អ។ ក្នុងនាមលោកជាមន្ត្រីនៃមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប លោក ធឿន វុឌ្ឈី ក៏បានសំណូមពរថា អ្វីដែលជាទំនៀមទម្លាប់ប្រពៃណី សម្រាប់អ្នកដែលបានធ្វើក៏ធ្វើទៅ ហើយអ្នកដែលមិនធ្វើក៏មិនអីដែរ។ លោកបានសង្កត់ធ្ងន់ថា៖ «យើងរក្សាទំនៀមរៀងខ្លួនទៅ ហើយមិនចាំបាច់ទៅវាយប្រហារគ្នាដែលនាំឱ្យមានការប៉ះពាល់ ឬខូចខាតដល់សីលធម៌សង្គមរបស់យើងឡើយ»។

លោក ធឿន វុឌ្ឈី បានគូសបញ្ជាក់ថា ការវែកញែកតាមបណ្ដាញសង្គម Facebook នោះ មិនមានឥទ្ធិពលអ្វីដែរ ដោយតាមការកត់សម្គាល់របស់លោកទៅឃើញថា វត្តដែលធ្លាប់រៀបចំពិធីបោះបាយបិណ្ឌ នៅតែរៀបចំពិធីបែបហ្នឹងដដែល។ លោកបានអះអាងថា៖ ការបោះបាយបិណ្ឌនេះ ដូចជាមិនមានឃើញចំនួនថមថយអ្វីដែរទេ ដោយសារតែវាជាជំនឿដ៏ជ្រៅនៅក្នុងបេះដូង ឬនៅក្នុងឈាមជ័រខ្មែរយើងយូរហើយ»។

ចំណែកអ្នកបុរាណវិទូ និងប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ក៏ធ្លាប់បានបញ្ជាក់ហើយដែរថា ការបោះបាយបិណ្ឌនេះ គឺជាបុណ្យប្រពៃណីធំជាងគេបំផុត ដែលប្រជាជនខ្មែរតែងធ្វើជារៀងរាល់ឆ្នាំ គឺចាប់ផ្ដើមពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងខែកញ្ញា។ លោកបានពន្យល់ថា នៅខ្លោងទ្វារខាងកើតប្រាសាទតានៃមានហោជាងមួយមានរូបចម្លាក់ប្រេតមួយរឿង ហើយមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីរូបប្រេតតាំងពី៩០០ឆ្នាំមុន។ ក្រៅពីនេះយើងឃើញមានរូបប្រេតតែតាមរូបគំនូរផ្សេងៗប៉ុណ្ណោះនៅតាមវត្តអារាម។ លោក អ៊ឹម សុខរិទ្ធី បានថ្លែងបញ្ជាក់ថា៖ «រូបចម្លាក់នៅលើខ្លោងទ្វារខាងកើតប្រាសាទបុរាណមួយនេះ ជាភស្តុតាង និងបង្ហាញពីរឿងរ៉ាវពាក់ព័ន្ធនឹងប្រេតនៅសម័យព្រះបាទជ័យវរ្ម័នទី៧»។

ទាក់ទងនឹងទំនៀមទម្លាប់ប្រពៃណីបោះបាយបិណ្ឌនេះដែរ យើងសួរថា តើគេបោះបាយបិណ្ឌដើម្បីអ្វី? លោក អ៊ឹម សុខរិទ្ធី បានពន្យល់បន្ថែមថា៖ «ការបោះបាយបិណ្ឌ គឺមិនមែនដើម្បីឱ្យប្រេតស៊ីនោះទេ តែគេបោះដើម្បីឱ្យប្រេតចាប់កំណើតកើតជាមនុស្សវិញ ព្រោះបាយបិណ្ឌគឺជាតួខ្លួនដែលអាចឱ្យប្រេតរួមចូលជាមួយ វិញ្ញាណកកើតជាមនុស្សវិញបាន»។ អ្នកបុរាណវិទូរូបនេះ បានឱ្យដឹងទៀតថា តាមទំនៀមក្នុងគម្ពីរ Karandavyuha កាបោះបាយបិណ្ឌ មានអំណាច និងលទ្ធភាពជួយសង្គ្រោះពួកប្រេតទាំងនោះឱ្យរួចផុតពីទុក្ខទោស និងឱ្យវិលមកកើតជាមនុស្សវិញបាន ហើយត្រូវបានបុព្វបុរសខ្មែរតែងតែធ្វើរហូតក្លាយទៅជាប្រពៃណីរបស់ខ្លួនមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះដែរ លោក អ៊ឹម សុខ រិទ្ធី បានគូសបញ្ជាក់ឱ្យដឹងទៀតថា៖ «តាមសិលាចារិកថ្នល់បាយរាណ៍ លេខសម្គាល់ K279 គឺនិយាយអំពីពិធីបុណ្យមួយតាមព្រហ្មញ្ញសាសនា ដែលភាសាសំស្រ្កឹត ហៅថា “ស្រាទ្ធ” គឺជាពិធីបោះបាយបិណ្ឌ ដើម្បីជួយស្រោចស្រង់ដល់ព្រលឹងអ្នកស្លាប់ដែលបានទៅកើតជាប្រេតហើយនោះ ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញ»៕


ដោយ៖ ឃុត សៅ





