អភិបាលស្រុកស្ទោង ជំរុញដល់មន្ត្រីរាជការប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវប្រើប្រាស់របបបេឡាជាតិសន្តិសុខសង្គមឱ្យអស់ពីលទ្ធភាពនិងគ្រប់ៗគ្នា
AKPកំពង់ធំ ថ្ងៃទី ៦ ខែតុលាឆ្នាំ២០២៦--លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ជំរុញដល់មន្ត្រីរាជការប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវប្រើប្រាស់របបបេឡាជាតិសន្តិសុខសង្គមឱ្យអស់ពីលទ្ធភាព និងគ្រប់ៗគ្នាក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកម្មវិធីផ្សព្វផ្សាយស្ដីពី «ការអនុវត្តរបបបេឡាជាតិរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាពជូនដល់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ»នៅសាលាស្រុកស្ទោងនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៦។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា របបបេឡាជាតិសន្តិសុខសង្គមគឺជាគ្រឹះយ៉ាងសំខាន់នៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដែលទាមទារឱ្យមានការយកចិត្តទុកដាក់និងការអនុវត្តប្រកបដោយប្រសិ ទ្ធភាពទាំងមន្ត្រីរាជការកម្មករនិយោជិតនិងបុគ្គលស្វែងយល់ព្រោះជាគោលនយោបាយអាទិភាព និងជាយន្តការស្នូលក្នុងការលើកកម្ពស់ជីវភាព កាត់ បន្ថយភាពក្រីក្រ និងធានាសុវត្ថិភាពប្រាក់ចំណូលជូនកម្មករ និយោជិត មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាប្រមុខ។

ជាមួយគ្នានេះការប្រើប្រាស់សិទ្ធិ និងសេវា ប.ស.ស.ឱ្យអស់លទ្ធភាព របស់សមាជិកទាំងអស់ ព្រមទាំងសហព័ទ្ធ នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗ (ដូចជា របបថែទាំសុខភាព របបហានិភ័យការងារ និងរបបប្រាក់សោធន) ដើម្បីទទួល បានការគាំពារពេញលេញ និងទាន់ពេលវេលា។

មួយវិញទៀតសសមាជិក ប ស ស ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យឱ្យបានជាក់ លាក់ ទាំងនិយោជក និងនិយោជិត ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួន និងស្ថានភាពការងារឱ្យបានត្រឹមត្រូវជា ប្រចាំ ដើម្បីចៀសវាងការខកខាន ឬរំខានដល់ការទទួលបានប្រាក់។

ឆ្លៀតក្នុងឱកាសនោះដែរលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានជំរុញបន្ថែមដល់គ្រប់អាជ្ញាធរភូមិ ឃុំ និងការិយាល័យអង្គភាពពាក់ព័ន្ធត្រូវ ធ្វើការផ្សព្វផ្សាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិនានាស្តីពី កាតព្វកិច្ចយោធាឱ្យបានជ្រូតជ្រាបទូលំទូលាយ ហើយលើកទឹកចិត្តដល់យុវជនដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់២៥ឆ្នាំ ត្រូវទៅទទួលនិងដាក់ពាក្យចូលបម្រើកាតព្វកិច្ចយោធា ដែលជាការរួមចំណែកពង្រឹងសន្តិសុខជាតិ និងស្មារតីស្នេហាជាតិរបស់ពលរដ្ឋ៕

ដោយ៖ ស៊ុម វណ្ណា





