ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ ១០ នៅវត្តតាំងក្រសាំងខាងជើង សង្កាត់កាកាបទី២ ក្នុងខណ្ឌពោធិ៍សែនជ័យ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រួមជាមួយថ្នាក់ដឹកនាំជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ទាំង៧ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងសហការី បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ ១០ និងប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅវត្តតាំងក្រសាំងខាងជើង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦។

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន ញាតកាទាំង ៧ សន្តាន និងវីរជនស្នេហាជាតិ វីរកងទ័ព ដែលបានពលីជីវិតការពារបូរណភាពទឹកដី និងប្រជា ពលរដ្ឋកម្ពុជា។

ទេយ្យទានដែលប្រគេនព្រះសង្ឃគង់នៅវត្ត តាំងក្រសាំងខាងជើង តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នាឱកាសនេះ រួមមាន បច្ច័យ ទេយ្យវត្ថុ ស្លាដក ៧ បាយបិតបូរ ៧ បាត្រ ផ្លែឈើស្រស់ ៧ មុខ ទៀន ធូប ផ្កា អង្ករ មី ត្រីខ ទឹកក្រូច ស្ករស ទឹកដោះគោខាប់ និងទឹកបរិសុទ្ធជាដើម។

ក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លានេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបានវេរទេយ្យទានទាំងអស់ប្រគេនព្រះសង្ឃ និងឧទិ្ទសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋាន និងជូនដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលកើតមានដល់ប្រជា ពលរដ្ឋខ្មែរ និងប្រទេសជាតិ។

ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ តាំងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង ៧ សន្តាន ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផលានិសង្សបានគ្រប់ៗគ្នា។ ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាប់ឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕

ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





