ឯកឧត្តម សុខ លូ នាំអំណោយសម្តេចបវរធិបតី ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅ ស្រុកសង្កែ
AKP បាត់ដំបង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមការងារស្បៀងបន្ទាន់ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៥០គ្រួសារក្នុង ឃុំអូរដំបង២ និងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ត ម សុខ លូ គូសបញ្ជាក់ថា រាជរដ្ឋាភិ បាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជាតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ។

ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសមើលថែទាំមនុស្សចាស់ជរា និងកុមារតូចៗ ប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត ទទួលទានទឹកឆ្អិន ឬទឹកស្អាត បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ ជាពិសេសប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម។បងប្អូនប្រជាពលរដ្ឋឱ្យខិតខំប្រឹងប្រែងស្តារជីវភាពគ្រួសារឡើងវិញតាមរយៈការបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗ បន្ទាប់ពីទឹកស្រក ។

ឯកឧត្តម សុខ លូ ថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង និងក្រុមការងារចុះមូលដ្ឋានដែលបានខិតខំអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងបានទាន់ពេលវេលា ៕
ដោយ៖ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង





