សម្ដេចធិបតី ថ្លែងអំណរគុណចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន)
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ -- តាមរយៈសំណេរបង្ហោះលើបណ្ដាញសង្គម នារសៀលថ្ងៃទី៦ តុលានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា «សូមអរគុណចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ខ្ញុំកាលពីថ្ងៃទី ១ តុលាកន្លងទៅនេះ ដោយសូមឱ្យប្អូនចូលមកជួបក្រុមការងាររបស់ខេត្ត ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់»។

ដូចសម្ដេចបានបញ្ជាក់រួចហើយថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋដែលមិនមានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលតែងតែជួយរកដំណោះស្រាយជូន ដូចជាការផ្ដល់ដីសម្បទានសង្គមកិច្ចរួមទាំងការកសាងផ្ទះជូន ដែលកន្លងមកយើងបានផ្ដល់ឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទូទាំងប្រទេសរួចហើយ តាមរយៈកម្មវិធីមួយចំនួន រួមមានកម្មវិធី LASED, កម្មវិធីផ្ដល់ដីជូនអតីតយុទ្ធជននិងនិវត្តន៍ជន, កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។

ទន្ទឹមនេះសម្ដេច សូមអរគុណដល់ ឯកឧត្តម ខូយ រីដា អភិបាលគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារដែលដឹកនាំដោយឯកឧត្តមកែវ រតនៈដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីនៅតំបន់នេះ រួមទាំងការស្វែងរកដំណោះស្រាយជូជូនប្អូនស្រី សែម សុគា ស្របតាមគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល។
សម្ដេច សូមបញ្ជាក់ឡើងវិញថាតំបន់អន្ទង់អាំង (ឬ បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ នឹងត្រូវថែរក្សាជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើមឈើឡើងវិញ ក្នុងគោលដៅប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ប្រជាពលរដ្ឋនិងអ្នកទេសចរអាចទៅកម្សាន្តបាន៕
ដោយ៖ គង់ សិរីរ័ត្ន





