ក្រុមការងារសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងសម្អាតបំណែកបដិមា ដែលមានប្រភពមកពីប្រាសាទអង្គរវត្ត
AKP សៀមរាប ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦--ក្រុមការងារនៃសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងសម្អាតបំណែកបដិមា ដែលកន្លងមកអាជ្ញាធរជាតិអប្សរា បានប្រទះឃើញនៅបរិវេណប្រាសាទអង្គរវត្ត។ នេះជាការងារដ៏សំខាន់មួយ មុននឹងយកបំណែកបដិមាទាំងនោះទៅរក្សាទុក និងឈានដល់ការជួសជុលនាពេលខាងមុខ។

លោកស្រី ជន ចន្ទណារ័ត្ន បុគ្គលិកបច្ចេកទេសនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានលើកឡើងថា បច្ចុប្បន្នក្រុមការងារផ្នែកសម្អាតវត្ថុបុរាណ កំពុងសម្អាតលើបំណែកព្រះបដិមាថ្មភក់សរុបជិត ៣០០ បំណែក។ លោកស្រីបន្ថែមថា បំណែកទាំងនោះមានតូចមានធំ ភាគច្រើនជាថ្មភក់ និងខ្លះជាថ្មភ្នំ និងជាកុលាលភាជន៍។

បុគ្គលិករូបនេះបានរំឭកថា បំណែកព្រះបដិមាទាំងនេះត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរាប្រទះឃើញនៅឆ្នាំ២០២០ អំឡុងពេលជីករណ្តៅដីដើម្បីរៀបចំប្រព័ន្ធស្រោចស្រពស្មៅនៅបរិវេណប្រាសាទអង្គរវត្ត។ នៅខែកក្កដា ឆ្នាំ២០២៦ បំណែកបដិមាទាំងអស់ត្រូវបានបញ្ជូនមកខាងសារមន្ទីរ ដើម្បីរៀបចំចុះបញ្ជីលេខ និងសម្អាត។

តាមការបញ្ជាក់ពីលោកស្រី ជន ចន្ទណារ័ត្ន ការសម្អាតមាន២ របៀប គឺទី១. សម្អាតស្ងួត និងទី២. សម្អាតសើម ហើយការសម្អាតត្រូវមានការប្រុងប្រយ័ត្ន ថ្នមៗ ដ្បិតថារូបបដិមាមួយចំនួនធំ មានការពុកផុយ ពិសេសបដិមាដែលមានលាបម្រ័ក្សណ៍។ ដោយសារកត្តាទាំងនេះ ទើបធ្វើឱ្យការងារសម្អាតប្រើពេលយូរ ដោយការសម្អាតថ្មមួយៗត្រូវការពេលពី១ ទៅ២ សប្តាហ៍។ បច្ចុប្បន្ន ក្រុមការងារបានសម្អាតបដិមាបានចំនួន១០ រូប និងបន្តការសម្អាតទាំងនេះយ៉ាងយកចិត្តទុកដាក់ខ្ពស់៕

ដោយ ឃុត សៅ





