ទិវាសម្អាតពិភពលោកនៅខេត្តបន្ទាយមានជ័យ បានបំផុសស្មារតីចូលរួមកាត់បន្ថយសំរាម និងថែរក្សាបរិស្ថាន
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦--ការចូលរួមរបស់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងតំណាងវិស័យឯកជន ក្នុងទិវាសម្អាតពិភពលោកលើកទី៩ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានក្លាយជាសកម្មភាពជាក់ស្តែងមួយក្នុងការបំផុសស្មារតីសាធារណជនឱ្យយល់កាន់តែច្បាស់ពីតួនាទី និងការទទួលខុសត្រូវរួមគ្នាចំពោះអនាម័យ និងបរិស្ថាន ជាពិសេសការកាត់បន្ថយសំរាមចាប់ពីប្រភព។

នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលក្រុងសិរីសោភ័ណ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំប្រារព្ធ «ទិវាសម្អាតពិភពលោក» លើកទី៩ (9th World Cleanup Day) ក្រោមប្រធានបទ «ការចូលរួម ៥% ពីប្រជាពលរដ្ឋនៃប្រទេសនីមួយៗ» នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្រុងសិរីសោភ័ណ។
សកម្មភាពនេះមានការចូលរួមពីមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុងសិរីសោភ័ណ រដ្ឋបាលសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងតំណាងក្រុមហ៊ុនអនាម័យ សរុបចំនួន ១៨៥នាក់ ក្នុងនោះស្រីចំនួន ៧០នាក់។

មានប្រសាសន៍ក្នុងឱកាសនោះ លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការប្រារព្ធទិវាសម្អាតពិភពលោកនេះ មានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមរបស់សាធារណជនក្នុងការថែរក្សាអនាម័យ បរិស្ថានស្អាត និងបៃតង ព្រមទាំងបំផុសស្មារតីទទួលខុសត្រូវរួមគ្នា ក្នុងការកាត់បន្ថយសំរាម និងការពារបរិស្ថាននៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង។
លោកបានលើកឡើងថា បញ្ហាសំរាមមិនមែនជាកិច្ចការរបស់ស្ថាប័ន ឬអ្នកប្រមូលសំរាមតែប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចការដែលត្រូវការការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប។ ប្រសិនបើមនុស្សម្នាក់ៗចាប់ផ្តើមពីការរក្សាអនាម័យនៅផ្ទះ សាលារៀន កន្លែងធ្វើការ និងទីសាធារណៈ ការរួមចំណែកតូចៗទាំងនោះនឹងក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ការកាត់បន្ថយបញ្ហាសំរាមនៅក្នុងសហគមន៍។

លោកប្រធានមន្ទីរបរិស្ថាន ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់សិស្សានុសិស្ស និងយុវជន ដោយចាត់ទុកថា យុវជនជាកម្លាំងស្នូលក្នុងការផ្លាស់ប្តូរឥរិយាបថ និងផ្សព្វផ្សាយទម្លាប់ល្អៗពាក់ព័ន្ធនឹងការថែរក្សាបរិស្ថាន។ ការចូលរួមសម្អាតនៅថ្ងៃនេះ មិនគួរបញ្ចប់ត្រឹមសកម្មភាពមួយថ្ងៃនោះទេ ប៉ុន្តែគួរបន្តក្លាយជាទម្លាប់ប្រចាំថ្ងៃ ដូចជា មិនបោះសំរាមចោលពាសវាលពាសកាល បែងចែកសំរាមតាមប្រភេទ កាត់បន្ថយការប្រើប្រាស់សម្ភារដែលបង្កើតសំរាម និងចូលរួមថែរក្សាទីសាធារណៈ។
ជាមួយគ្នានេះ ការរៀបចំទិវាសម្អាតពិភពលោកនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក៏បានបង្ហាញពីការភ្ជាប់រវាងការអប់រំ និងការអនុវត្តជាក់ស្តែង ពោលគឺការផ្តល់ចំណេះដឹងអំពីបរិស្ថានត្រូវដើរទន្ទឹមគ្នាជាមួយការបង្កើតទម្លាប់ និងសកម្មភាពជាក់ស្តែងរបស់សិស្សានុសិស្ស។
អ្នកចូលរួមមួយរូបបានបង្ហាញចំណាប់អារម្មណ៍ថា ការចូលរួមក្នុងទិវានេះមិនត្រឹមតែធ្វើឱ្យបរិវេណស្អាត និងមានសណ្តាប់ធ្នាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកចូលរួមយល់ថា ការរក្សាបរិស្ថានគឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់រូប។ សកម្មភាពរួមគ្នាបែបនេះអាចជួយបង្កើតទម្លាប់ល្អ និងជំរុញឱ្យមនុស្សកាន់តែយកចិត្តទុកដាក់ចំពោះការទុកដាក់ និងការគ្រប់គ្រងសំរាម។
សិស្សានុសិស្សដែលបានចូលរួមសម្អាត ក៏បានបង្ហាញក្តីរីករាយដែលអាចចូលរួមក្នុងសកម្មភាពមានប្រយោជន៍សម្រាប់សាលារៀន និងសហគមន៍។ ពួកគេបានលើកឡើងថា ការចូលរួមដោយផ្ទាល់ធ្វើឱ្យពួកគេយល់កាន់តែច្បាស់ថា ការរក្សាបរិស្ថានស្អាតចាប់ផ្តើមពីសកម្មភាពតូចៗរបស់ខ្លួនឯង ហើយសិស្សម្នាក់ៗអាចក្លាយជាអ្នកផ្សព្វផ្សាយសារអនាម័យ និងបរិស្ថានទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ។

ទិវាសម្អាតពិភពលោកលើកទី៩ នៅខេត្តបន្ទាយមានជ័យ ដូច្នេះមិនត្រឹមតែជាព្រឹត្តិការណ៍សម្រាប់ប្រមូលសំរាម និងសម្អាតទីតាំងមួយកន្លែងប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ពង្រឹងការយល់ដឹង និងបង្កើតស្មារតីចូលរួមរបស់សាធារណជន។ សារសំខាន់ដែលបានបញ្ជូនតាមរយៈសកម្មភាពនេះ គឺការការពារបរិស្ថានអាចចាប់ផ្តើមពីមនុស្សម្នាក់ៗ ហើយការចូលរួមរបស់មនុស្សជាច្រើនអាចបង្កើតការផ្លាស់ប្តូរដ៏មានន័យសម្រាប់សហគមន៍៕
ដោយ ឈុន សារ៉ាត





