រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម និងបញ្ញាសិប្បនិម្មិត (AI) បានបង្កើតឱកាសជា ច្រើន សម្រាប់ការអភិវឌ្ឍនវានុវត្តន៍
AKPភ្នំពេញថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦ – រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម និងបញ្ញាសិប្បនិម្មិត (AI) បានបង្កើតឱកាសជា ច្រើន សម្រាប់ការអភិវឌ្ឍនវានុវត្តន៍ ការអប់រំ ការចូលរួមរបស់សាធារណជន ការចែករំលែកចំណេះដឹង និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តែក៏បានផ្តល់នូវផលប៉ះពាល់ផងដែរ។

គូសបញ្ជាក់នៅក្នុងវេទិការប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពារង្វាន់ជ័យលាភីអ្នកផលិតមាតិកាឆ្នាំ២០២៦ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ថា ព័ត៌មានមិនពិត ឬព័ត៌មានបំភាន់ អាចរីករាលដាលឆ្លងដែន ដោយ ប្រើ ភាសាខុស ៗ គ្នា និង បណ្តាញផ្សេងៗ ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ រូបភាព វីដេអូ និងសំឡេងក្លែង បន្លំ អាចត្រូវ បាន ផ្ញើទៅកាន់មនុស្សរាប់លាននាក់ មុនពេលវា ត្រូវបានផ្ទៀងផ្ទាត់ ចំណែក ពាក្យចចាមអារ៉ាមអាចលេច ឡើងកាន់ តែ ច្រើន ក្នុងអំឡុងពេលមាន វិបត្តិ។
ដោយសារការប្រើប្រាស់ AI បង្កើតមាតិកា (Generative AI) សារព័ត៌មានសិប្បនិម្មិត និងបច្ចេកវិទ្យាបន្លំរូប/សំឡេង (Deepfakes) ធ្វើ ឱ្យ ការបែងចែករវាងមាតិកាពិត និងមាតិកា ក្លែង ក្លាយកាន់ តែពិបាកខ្លាំងឡើងៗ។

ដោយសារតែ ហេតុផលនេះ ធ្វើ ឱ្យ សុចរិតភាពព័ត៌មានលែង ក្លាយ ជា បញ្ហាក្នុង វិស័យប្រព័ន្ធផ្សព្វផ្សាយទៀតហើយ ប៉ុន្តែ វាផ្សារភ្ជាប់កាន់តែខ្លាំងទៅ នឹងទំនុកចិត្តសាធារណៈ សុខដុមរមនាសង្គម អភិបាលកិច្ច ភាពធន់ថ្នាក់ជាតិ ទំនុកចិត្តក្នុងតំបន់ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការទទួលខុសត្រូវរបស់យើងមិនអាចកម្រិតត្រឹមតែការកែតម្រូវព័ត៌មានមិនពិត បន្ទាប់ ពីវាបានរីករាលដាលរួចហើយនោះទេ។ យើងត្រូវកសាងប្រព័ន្ធអេកូឡូស៊ីព័ត៌មានមួយដែលមានភាពធន់តាំងពីដំណាក់កាលរៀបចំ៖ ប្រព័ន្ធមួយដែលប្រជាពលរដ្ឋអាចទទួលបានព័ត៌មានអាចជឿ ទុកចិត្ត ប្រព័ន្ធផ្សព្វផ្សាយអាជីព ដែល ប្រកាន់ខ្ជាប់ ស្តង់ដារខ្ពស់ ស្ថាប័នទំនាក់ ទាក់ទងសាធារណៈប្រកបដោយប្រសិទ្ធភាព ការ ប្រើ ប្រាស់ បច្ចេកវិទ្យា ដោយការទទួលខុសត្រូវ និងប្រជាជនមានជំនាញពិចារណាបានត្រឹមត្រូវ។

កម្ពុជាជឿជាក់ថា ប្រព័ន្ធ នេះត្រូវតែមានតុល្យភាព អាច អនុវត្តជាក់ស្តែង ប្រកប ដោយ បរិយាបន្ន និងយកប្រជាជនជាសំខាន់។ វិធានការដោះស្រាយ ព័ត៌មាន ភាន់ ច្រឡំ និងព័ត៌មាន ក្លែងបន្លំ គួរតែពង្រឹងសេរីភាពក្នុងការបញ្ចេញមតិ ការទទួលបានព័ត៌មាន និងតួនាទីដ៏ សំខាន់របស់ សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។ គោលដៅរបស់យើងមិនត្រឹមតែកាត់បន្ថយព័ត៌មានមិនពិតប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីពង្រីកវិសាល ភាពនៃការស្វែង រក ព័ត៌មាន ការ ទទួលបានព័ត៌មាន និងសេចក្តីទុកចិត្តនៃព័ត៌មានដែលគួរឱ្យជឿជាក់។
ឯកឧត្តមបន្តថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគោលដៅនេះ។ តាមរយៈក្រសួងព័ត៌មាន យើងបន្តពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ការបង្កើតមាតិកាប្រកបដោយការទទួលខុសត្រូវ ការទំនាក់ទំនងសាធារណៈទាន់ពេលវេលា និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន អ្នកអប់រំ យុវជន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម បណ្តាញឌីជីថល និងប្រជាពលរដ្ឋ។

បទពិសោធន៍របស់យើងបានបញ្ជាក់ពីមេរៀនសាមញ្ញមួយ៖ នៅក្នុងយុគសម័យឌីជីថល ចន្លោះទំនេរនៃព័ត៌មាននឹងមិនស្ថិតនៅទទេបានយូរនោះទេ។ នៅពេលដែលព័ត៌មាន ផ្លូវការត្រូវបានពន្យារពេល ពាក្យចចាមអារ៉ាម និងការកែច្នៃនឹងចូលមកជំនួសកន្លែងនោះ។ ដូច្នេះស្ថាប័នសាធារណៈមានកាតព្វកិច្ចទំនាក់ទំនងឱ្យបានទាន់ពេលវេលា ច្បាស់លាស់ មានភាពស៊ីសង្វាក់គ្នា ត្រឹមត្រូវ គួរឱ្យជឿជាក់ និងងាយទទួលបាន។
អ្នកសារព័ត៌មាន និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយគឺជាដៃគូដែលមិនអាចខ្វះបានក្នុងការកសាងទំនុកចិត្តសាធារណៈ។ ការផ្ទៀងផ្ទាត់ប្រភព ការផ្ទៀងផ្ទាត់ការ ពិត ភាពត្រឹមត្រូវ បរិបទ ក្រមសីលធម៌វិជ្ជាជីវៈ និងការកែតម្រូវទាន់ពេលវេលា នៅតែជាគោលការណ៍គ្រឹះនៃសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ។ ដូច្នេះ សាររបស់យើងគឺសាមញ្ញ៖ «ផ្ទៀងផ្ទាត់មុននឹងផ្សាយ ផ្ទៀងផ្ទាត់មុននឹងចែករំលែក»។
ប្រជាពលរដ្ឋ ត្រូវចេះ ឆ្ងល់ និង ចោទសួរនៅ ពេល ជួប ព័ត៌មានដែលសង្ស័យ វាយតម្លៃប្រភព កំណត់អត្តសញ្ញាណមាតិកាកែច្នៃ និងសម្រេចចិត្តប្រកបដោយការទទួលខុស ត្រូវ មុននឹងចែករំលែក។ យុវជន សិស្ស-និស្សិត សហគមន៍នៅ តំបន់ ជនបទ និងតាមព្រំដែន និងក្រុមមនុស្សដែលពិបាកក្នុងការទទួលបានព័ត៌មានផ្លូវការ គួរត្រូវ បាន ផ្តោត ជា ពិសេស។ ប្រជាពលរដ្ឋដែលទទួល បាន ព័ត៌មាន គ្រប់ ជ្រុង ជ្រោយ គឺជាដៃគូដ៏សំខាន់ក្នុងការការពារសុចរិតភាពព័ត៌មាន។





