ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីប បញ្ជាក់ពីការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ ការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ព្រមទាំងវិស័យសេដ្ឋកិច្ចជាមួយកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦--
លោកជំទាវឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងពង្រីក និងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ ការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ព្រមទាំងវិស័យសេដ្ឋកិច្ច។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Koula Sophianou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីប (Cyprus) ចូលជួបសម្ដែងការគួរសម និងជូនសារតាំង នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រ បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ Koula Sophianou ដែលទទួលបានការតែងតាំង ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានសម្ដែងក្តីសង្ឃឹមថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ នឹងចូលរួមចំណែកជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងស៊ីប ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះ លោកជំទាវ Koula Sophianou បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបជូនសារតាំង និងសម្ដែងការគួរសម។ លោកជំទាវ បានសម្ដែងការគោរពចំពោះសម្ដេចតេជោ ក្នុងនាមជាឥស្សរជន ដែលមានភាពល្បីល្បាញទាំងក្នុងឆាកជាតិ និងអន្តរជាតិ ហើយបានគូសបញ្ជាក់ពីចំណងទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងស៊ីប។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការលើកឡើង របស់លោកជំទាវ និងបានចាត់ទុកកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាចំណុចសំខាន់មួយសម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ក៏បានលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីប បន្តខិតខំស្វែងរកឱកាស និងយន្តការថ្មីៗ ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម ទ្វេភាគី ឱ្យកាន់តែរីកចម្រើន។ សម្ដេចតេជោក៏បានសម្ដែងក្តីសង្ឃឹមថា សាធារណរដ្ឋស៊ីប នឹងមានឱកាស និងលទ្ធភាពបង្កើន ការវិនិយោគនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕
ដោយ៖ ជឹម ណារី





