រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តសៀមរាប ចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងទាំងពីរ
AKP សៀមរាប ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦-- រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរដ្ឋបាល ខេត្តព្រះវិហារ និងរដ្ឋបាលខេត្តសៀមរាប ដោយយោងតាមការអនុវត្តលិខិតលេខ ៣១៩៩ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃស្តីពី ការជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានចប់សព្វ គ្រប់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរ និងមន្ទីរ អង្កភាពពាក់ព័ន្ធជាច្រើនរូបទៀត។


ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែង ចំពោះកិច្ចសហការ និងការសម្របសម្រួលដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលត្រូវបានបញ្ចប់ដោយជោគជ័យ និងស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។ ឯកឧត្តមបានបន្ថែមថា ខេត្តព្រះវិហារគឺជាខេត្តទី៤ ហើយ ដែលរដ្ឋបាលខេត្តសៀមរាបបានសហការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលចប់សព្វគ្រប់ បន្ទាប់ពីខេត្តកំពង់ធំ បន្ទាយមានជ័យ និងឧត្តរមានជ័យ។

ជាមួយគ្នានេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាព្រំប្រទល់ រហូតឈានដល់ការចុះហត្ថលេខាលើសំណើសុំកែសម្រួល និងបញ្ចប់វិវាទនាពេលនេះ គឺជាសក្ខីភាពស្តែងឱ្យឃើញពីកិច្ចសហការយ៉ាងសកម្ម និងជិតស្និទ្ធរវាងរដ្ឋបាលខេត្តទាំងពីរ ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមនានា។ ឯកឧត្តមអភិបាលខេត្តបានបន្តថា បញ្ហាព្រំប្រទល់ ការឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ និងការដឹកជញ្ជូននានា ដោយគ្មានការអនុញ្ញាត នៅតែជាសកម្មភាពមិនរៀបរយដែលកើតមានឡើងជាញឹកញាប់។ ហេតុនេះ ឯកឧត្តមបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលខេត្តទាំងពីរ ពង្រឹងការទំនាក់ទំនង ក៏ដូចជាផ្តល់ព័ត៌មានអោយគ្នាទៅវិញទៅមកបានទាន់ពេលវេលា ដើម្បីងាយស្រួលក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាល ក៏បានសំណូមពរឱ្យរដ្ឋបាលខេត្តទាំងពីរ បន្តថែរក្សាទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត ចាប់តាំងពីកម្រិតថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត៕


ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ





