យុវតី Anna Sophie ប្រគល់សៀវភៅរូបភាពរឿងនិទានកុមារ ចំណងជើង «Land of Chimes in the Time of Quiet» ចំនួន ២០០ក្បាលដល់ក្រសួងអប់រំ យុវជន និងកីឡា
AKPភ្នំពេញថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៦– យុវតី Anna Sophie ស្ថាបនិក Etoile Performing Arts បានប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡានូវសៀវភៅរូបភាពរឿងនិទានកុមារ ចំណងជើងថា «Land of in the Time of Quiet» ចំនួន ២០០ក្បាល ដើម្បីបែងចែកបន្តទៅតាមបណ្ណាល័យសាលាបឋមសិក្សានានាក្នុងរាជធានីភ្នំពេញ និងតាមតំបន់ព្រំដែន។
សៀវភៅរូបភាពរឿងនិទានកុមារនេះ ត្រូវបាននិពន្ធឡើងដោយ Anna Sophie ដោយផ្ទាល់ ដើម្បីគាំទ្រដល់អំណានក្នុងមុខវិជ្ជាពលរដ្ឋ និងការសិក្សាភាសាអង់គ្លេសសម្រាប់កុមារនៅកម្ពុជា។
ក្នុងពិធីប្រគល់ និងទទួលអំណោយជាសៀវភៅនេះ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរចំពោះសមិទ្ធផលថ្មីរបស់យុវតី Anna Sophie ដែលបានខិតខំប្រឹងប្រែងរៀបចំ និងនិពន្ធសៀវភៅរូបភាពរឿងនិទានកុមារនេះឡើង ដោយបានបញ្ជ្រាបនូវសារអប់រំល្អៗសម្រាប់កុមារ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តឧបត្ថម្ភគាំទ្រដល់វិស័យអប់រំនៅកម្ពុជានាពេលកន្លងមករបស់នាង និងបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡានឹងនាំយកសៀវភៅទាំងនេះទៅតម្កល់ទុកនៅតាមបណ្ណាល័យនៅសាលារៀនតាមតំបន់ព្រំដែន និងសាលារៀនបណ្តោះអាសន្ននៅតាមជំរំសុវត្ថិភាពនាពេលខាងមុខ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





