កម្ពុជា ប្តេជ្ញាជំរុញសមភាពយេនឌ័រ ដើម្បីសម្រេចចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥
AKPសៀមរាប ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៦– កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញសមភាពយេនឌ័រ និងការពង្រឹងអំណាចស្ត្រី ដោយចាត់ទុកថា ជាមូលដ្ឋានគ្រឹះសម្រាប់កសាងសហគមន៍អាស៊ានប្រកបដោយភាពធន់ បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព ឆ្ពោះទៅកាន់ចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥។នេះជាការឡើងដោយលោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងពិធីបើកវេទិកាថ្នាក់តំបន់អាស៊ានស្តីពី «ការពង្រឹងការបញ្ជ្រាបយេនឌ័រនៅក្នុងវិស័យ ឆ្ពោះទៅកាន់ចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥» ដែលរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

លោកជំទាវ អុឹង កន្ថាផាវី មានប្រសាសន៍ថា «ការសម្រេចបាននូវសមភាពយេនឌ័រ និងការពង្រឹងអំណាចដល់ស្ត្រី និងក្មេងស្រី គឺជាត្រីវិស័យដ៏សំខាន់សម្រាប់កសាងសហគមន៍អាស៊ានមួយដែលមានភាពធន់ ចម្រើនលូតលាស់ និងបរិយាប័ន្ន»។ លោកជំទាវបន្តថា កម្ពុជាបានដាក់បញ្ចូលយេនឌ័រជាកោសិកាគន្លឹះក្នុងគោលនយោបាយជាតិ ជាពិសេសតាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់យកស្ត្រីជាស្នូលនៃការអភិវឌ្ឍសង្គម និងការអនុវត្តថវិកាឆ្លើយតបនឹងយេនឌ័រ។


លោកជំទាវរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបញ្ជ្រាបយេនឌ័រត្រូវធ្វើឡើងឱ្យស្របតាមបរិបទថ្មីៗ រួមមាន ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ច ការងារ បម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការផ្តល់សេវាសាធារណៈ ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលក្នុងដំណើរការអភិវឌ្ឍន៍ឡើយ។
ឯកឧត្តម សាន់ ល្វីន (San Lwin) អគ្គលេខាធិការរងអាស៊ានសម្រាប់សសរស្តម្ភសង្គម-វប្បធម៌ មានប្រសាសន៍ថា វេទិកានេះជាឱកាសដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងកំណត់អនុសាសន៍ជាក់ស្តែង ដើម្បីពង្រឹងការបញ្ជ្រាបយេនឌ័រនៅគ្រប់វិស័យ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការពង្រឹងកិច្ចសហការអន្តរវិស័យ និងអន្តរសសរស្តម្ភក្នុងអាស៊ាន គឺជាកត្តាចាំបាច់ក្នុងការសម្រេចបាននូវគោលដៅរួម និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រទេសសមាជិកនីមួយៗ។


វេទិការយៈពេល២ថ្ងៃនេះ ត្រូវបានរំពឹងថានឹងបង្កើតបាននូវអនុសាសន៍ និងយន្តការសហការថ្មីៗ ដើម្បីជំរុញការបញ្ជ្រាបយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាព និងធានាថាផលប្រយោជន៍នៃការអភិវឌ្ឍបានទៅដល់ប្រជាពលរដ្ឋគ្រប់រូបដោយសមធម៌ និងបរិយាប័ន្ន៕
ដោយ៖ ឃុត សៅ





