កិច្ចប្រជុំស្តីពីការតម្រង់ទិសលើការគាំទ្រការអនុវត្តក្របខណ្ឌអប់រំស្ទែមកម្រិតសាលារៀន
AKPភ្នំពេញថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៦– គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រោមការសម្របសម្រួលពីនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំស្តីពីការតម្រង់ទិសលើការគាំទ្រការអនុវត្តក្របខណ្ឌអប់រំស្ទែម (STEM) កម្រិតសាលារៀននៅឆ្នាំ២០២៧។
កម្មវិធីខាងលើនេះ រៀបចំឡើងក្រោមការដឹកនាំកិច្ចប្រជុំរបស់ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោង SE4HC ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេស ក្រុមការងារថ្នាក់ជាតិ គ្រូបង្គោលស្ទែមថ្នាក់ជាតិ មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តទាំង២៥ និងសាលារៀនគោលដៅចំនួន ២៥៩។
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង ១.បង្ហាញអំពីទិដ្ឋភាពទូទៅនៃគោលនយោបាយលើកកម្ពស់ការអប់រំស្ទែមនៅកម្រិតសាលារៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្របខណ្ឌគម្រោង SE4HC ២. បង្ហាញអំពីឯកសារទស្សនាទាននៃការគាំទ្រការអនុវត្តក្របខណ្ឌអប់រំស្ទែម កម្រិតសាលារៀន ៣.បង្ហាញអំពីលក្ខណៈនៃការជ្រើសរើស និងតួនាទីភារកិច្ចរបស់ STEM Animator នៅកម្រិតសាលារៀន និង៤. បង្ហាញអំពីផែនការ និងឧបករណ៍ការវាយតម្លៃដើមគ្រា និងវាយតម្លៃប្រចាំឆ្នាំក្នុងការកំណត់សាលារៀន សម្រេចបានលើការអនុវត្តក្របខណ្ឌស្ទែមកម្រិតសាលារៀន។


សូមជម្រាបថា គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) នឹងផ្តល់ការ
គាំទ្រសាលារៀនគោលដៅទាំង ២៥៩ ក្នុងការអនុវត្ត SBSF។ តាមរយៈសកម្មភាពនៃការគាំទ្រការអនុវត្តក្របខណ្ឌនេះ គម្រោងនឹងផ្តល់វគ្គបំប៉នសមត្ថភាពដល់មន្ទីរអប់រំ យុវជន និងកីឡា សាលារៀន និងគ្រូបង្រៀនស្ទែម ផ្តល់ការគាំទ្រនៅកម្រិតសាលារៀនតាមរយៈការសម្របសម្រួលរបស់គ្រូប្រឹក្សាគរុកោល្យនៅកម្រិតសាលារៀន សកម្មភាពទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍រវាងសាលារៀនគោលដៅ កម្មវិធីពិព័រណ៍ស្នាដៃស្ទែមរបស់សិស្សានុសិស្ស និងការផ្តល់ការទទួលស្គាល់សាលារៀនសម្រេចបានលើការអនុវត្តក្របខណ្ឌប្រចាំឆ្នាំ។
ជាលទ្ធផល តាមរយៈការគាំទ្រសម្មភាពទាំងនេះសាលារៀនគោលដៅ ចំនួន ១២០យ៉ាងតិចសម្រេចបានកម្រិត២ ឬលើស និងគ្រូបង្រៀនចំនួន ២១០រូបនឹងប្រែក្លាយជាគ្រូបង្រៀនឆ្នើម និងទទួលបានពានរង្វាន់ផ្នែកស្ទែមថែមទៀតផង៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





