ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងនៅទិសព្រះវិហារ។
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដើម្បីសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងប្រគល់អំណោយ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅទិសព្រះវិហារ។


កាលពីព្រឹកថ្ងៃអាទិត្យទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ិន ចន្ថា បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំង សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកងកម្លាំងទាំងអស់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់វីរយុទ្ធជន ក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិ។


កងកម្លាំងប្រដាប់អាវុធទាំងអស់បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តម ឆាយ ឫទ្ធិសែន ដែលតែងតែយកចិត្តទុកដាក់ផ្តល់អំណោយ និងសម្ភារៈបរិក្ខាផ្សេងៗនា ពេលកន្លងមក ព្រមទាំងបានប្តេជ្ញាចិត្តថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស និងបន្តបម្រើជាតិមាតុភូមិឱ្យបានល្អប្រសើរ៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





