សេចក្តីថ្លែងការណ៍ទីក្រុងយ៉ាងហ្គូននៃកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ី-អាគ្នេយ៍លើកទី២៣ និងវេទិកាយុវជនលើកទី៥ បានគូសបញ្ជាក់ពីចំណុចសំខាន់៥ចំណុច
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចំនួន៤រូប ដឹកនាំដោយឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ចាប់ថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៦ អញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ី-អាគ្នេយ៍លើកទី២៣ និងវេទិកាយុវជនលើកទី៥ នៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា ដែលកាកបាទក្រហមមីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះ និងវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី យុវជននៃសមាគមជាតិភូមិភាគអាស៊ី-អាគ្នេយ៍ទាំង១១ ព្រមទាំងមានការចូលរួមពីប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC)។

ក្នុងនោះលទ្ធផលសំខាន់ៗសម្រេចបានក្នុងកិច្ចប្រជុំរួមមាន៖ កិច្ចពិភាក្សាចំនួន១៦ ក្នុងនោះកាកបាទក្រហមកម្ពុជា បានចូលរួមក្នុងការដឹកនាំកិច្ចពិភាក្សា ស្តីពីជំហានត្រូវអនុវត្ត ក្នុងការលើកកម្ពស់ការយល់ដឹងពីច្បាប់មនុស្សធម៌អន្តរជាតិ(IHL) តាមរយៈបទបង្ហាញដោយ ឯកឧត្តមអគ្គលេខាធិការរងទី២ មានការចាប់អារម្មណ៍ពីអង្គប្រជុំ និងមានការសំណូមពរក្នុងការជំរុញសមាគមជាតិទាំង១១ រៀបចំក្រុមការងារ IHL រៀបចំឯកសារបណ្តុះបណ្តាល(ស្តង់ដា) និងជំរុញការផ្សព្វផ្សាយពី IHL។

ក្នុងនោះដែរក៏មានកិច្ចពិភាក្សាលើបទបង្ហាញពីលទ្ធផលនៃវេទិកាយុវជន និងការចូលរួមពីថ្នាក់ដឹកនាំសមាគមជាតិទាំង១១។ ក្រោយពីបទបង្ហាញពីលទ្ធផលនៃវេទិកាយុវជនលើកទី៥ មានបទបង្ហាញពីតំណាងយុវជន លើ៥ ប្រធានបទ ក្នុងនោះយុវជនកាកបាទក្រហមកម្ពុជា បានដឹកនាំកិច្ចពិភាក្សាស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។

តាមរយៈកិច្ចប្រជុំរយៈពេល២ថ្ងៃនៃកិច្ចប្រជុំថ្នាក់ដឹកនាំបានដាក់ចេញនូវសេចក្តីថ្លែងការទីក្រុងយ៉ាងហ្គូន ដែលមានខ្លឹមសារគន្លឹះនិងសេចក្តីសង្ខេបចំណុចសំខាន់ៗនៃឯកសារ (Yangon Statement 2026) រួមមាន៖ ១. កិច្ចសហប្រតិបត្តិការរវាង IFRC និង អាស៊ាន៖ ពង្រីកថិរវេលា MoU ឱ្យហួសពីឆ្នាំ២០២៧ ដើម្បីរៀបចំផែនការសកម្មភាព ស្របតាមចក្ខុវិស័យ «អាស៊ានមួយ ឆ្លើយតបមួយ» (One ASEAN, One Response) និងរៀបចំការធ្វើលំហាត់សមយុទ្ធរួមគ្នាក្នុងតំបន់សម្រាប់ការត្រៀមរៀបចំបម្រុងឆ្លើយតបគ្រោះមហន្តរាយ។ ២. ការត្រៀមរៀបចំបម្រុង និងកិច្ចការពារគ្រោះមហន្តរាយ៖ បង្កើតប្រព័ន្ធតាមដានការប្តេជ្ញាចិត្តថ្នាក់តំបន់ និងបណ្តាញគ្រប់គ្រងគ្រោះមហន្តរាយ។

៣. សកម្មភាពអាកាសធាតុ និងសុខភាព៖ បង្កើតវេទិកាតំបន់ដើម្បីផ្លាស់ប្តូរយុទ្ធសាស្ត្រភាពធន់នឹងអាកាសធាតុ និងការធ្វើសមាហរណកម្ម កម្មវិធីសុខភាព។ ៤. គណនេយ្យភាព និងចីរភាពហិរញ្ញវត្ថុ៖ បង្ហាញពីប្រតិបត្តិការដែលមានតម្លាភាព ការផ្តល់ជំនួយសាច់ប្រាក់តាមប្រព័ន្ធឌីជីថល ដៃគូកៀរគរមូលនិធិក្នុងតំបន់ និងការអនុវត្តយុទ្ធសាស្ត្រកៀរគរធនធានហិរញ្ញវត្ថុរបស់សហព័ន្ធ។ ៥.ច្បាប់មនុស្សធម៌អន្តរជាតិ (IHL) និងការផ្តល់អំណាចដល់យុវជន៖ ផ្លាស់ប្តូរពីសកម្មភាពច្បាប់មនុស្សធម៌អន្តរជាតិ (IHL) បែបបណ្តោះអាសន្ន ទៅជាការប្តេជ្ញាចិត្តជាប្រព័ន្ធក្នុងកម្រិតជាតិ។ គាំទ្រលទ្ធផលនៃវេទិកាយុវជនលើកទី៥ ដោយបែងចែកថវិកាសម្រាប់គម្រោងដឹកនាំដោយយុវជនលើផ្នែកអាកាសធាតុ និងការកសាងសន្តិភាព ព្រមទាំងសម្រួលដល់កិច្ចសន្ទនារវាងជំនាន់និងជំនាន់៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





