កម្មវិធីវិនិយោគបីឆ្នាំរំកិលគឺជាយន្តការគន្លឹះនៃការអភិវឌ្ឍក្នុងមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវរបស់ប្រជាពលរដ្ឋ
AKP កំពង់ចាម ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- លោក គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា កម្មវិធីវិនិយោគបីឆ្នាំរំកិលគឺជាយន្តការគន្លឹះក្នុងការឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់មូលដ្ឋានទូទាំងស្រុក ក្រោមធ្វើការសម្របសម្រួល ជាមួយនឹងគម្រោងសកម្មភាព និងធនធានរបស់មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលស្រុក និងឃុំ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការវិនិយោគនៃការអភិវឌ្ឍន៍នៅមូលដ្ឋាន ដែលធនធាននៃការវិនិយោគបានពីការកៀរគរ ការគាំទ្រពីមន្ទីរ-អង្គភាព អង្គការដៃគូ វិស័យឯកជន និងសប្បុរសជន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ តាមមូលដ្ឋានស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

នេះជាការលើកឡើងរបស់លោកអភិបាលរងខេត្តកំពង់ចាមក្នុងអង្គសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុក ឃុំ ក្នុងស្រុកព្រៃឈរខេត្ត កំពង់ចាម នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាស្រុក។

សមាហរណកម្មកម្មវិធីវិនិយោគ បីឆ្នាំរំកិល គឺជាការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ និងយុទ្ធសាស្ដ្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតប ការអភិវឌ្ឍដែលមានភាពចាំបាច់និងត្រូវការ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននឹងជាចក្ខុវិស័យរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែល កំណើនការងារ ប្រកបសមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

ដោយ ឆាយ ម៉ុត





