ក្រុមប្រឹក្សាខេត្តកណ្តាលរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤
AKP កណ្ដាល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- ក្រុមប្រឹក្សាខេត្តកណ្តាលបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨របស់ខ្លួន ក្នុងអាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដោយសារបច្ចុប្បន្នមានការកើនឡើងនូវករណីជំងឺគ្រុនឈាម និងបានសម្តែងការបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ ដូច្នេះត្រូវធ្វើការផ្សព្វផ្សាយ និងអប់រំសុខភាព ជូនដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីវិធានការការពារខ្លួនពីមូសខាំ និងរបៀបថែរក្សាអនាម័យជុំវិញផ្ទះ ដើម្បីបង្ការជំងឺគ្រុនឈាម និងត្រៀមលក្ខណៈ និងសម្ភារបរិក្ខារពេទ្យ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីធានាបាននូវការសង្គ្រោះ និងព្យាបាលអ្នកជំងឺគ្រុនឈាមបានទាន់ពេលវេលា និងអនុវត្តវិធានការដាក់ថ្នាំអាបេត និងចុះបាញ់ថ្នាំសម្លាប់មូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដល់គ្រប់មូលដ្ឋានដើម្បីបង្ការជំងឺនេះ។

ហើយបើបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការសង្ស័យ សូមទៅជួបក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា សូមកុំបន្តព្យាបាលនៅផ្ទះឱ្យសោះ ព្រោះជំងឺគ្រុនឈាម ប្រសិនបើយើងបណ្ដែតបណ្ដោយ នោះធ្វើឱ្យយើងអាចប្រឈមឬឈានដល់ការបាត់បង់ជីវិត។ ចំពោះការងារបញ្ហាបរិស្ថាន ក៏ជាចំណុចមួយដែលរដ្ឋបាលខេត្តបានកំពុងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានដាក់ចេញនូវការអនុវត្តបរិបទថ្មីពាក់ព័ន្ធនឹងការបំពាក់កាមេរ៉ាសុវត្ថិភាពនៅទីតាំងមួយចំនួនតាមបណ្ដាក្រុង-ស្រុក ដើម្បីឆ្លុះបញ្ចាំងពីការចាក់បោះសំរាមចោលតាមផ្លូវសាធារណ: និងធ្វើការផាកពិន័យដល់ប្រជាពលរដ្ឋដែលគាត់ខ្វះអនាម័យបោះសំរាមចោលពាសវាពាសកាល។ មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក និងផ្លាស់ប្តូរទម្លាប់ ដោយឈប់បោះចោលសំរាមផ្តេសផ្តាសពាសវាលពាសកាល ព្រោះថាការចូលរួមចំណែកពីប្រជាពលរដ្ឋម្នាក់ៗក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ គឺជាកត្តាស្នូលក្នុងការរក្សាបរិស្ថានស្អាត និងសុខុមាលភាពសង្គម។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានស្នើមន្ទីរកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំត្រៀមពូជដំណាំ ជី និងសេវាកម្មបច្ចេកទេសឱ្យបានរៀបរយ ដើម្បីចុះជួយអន្តរាគមន៍ជូនកសិករភ្លាមៗនៅពេលទឹកស្រក ពង្រឹង និងពង្រីកសក្តានុពលផលិតកម្មកសិកម្ម និងសិប្បកម្មកែច្នៃក្នុងខេត្ត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងជំនួសការនាំចូលពីក្រៅប្រទេស និងការជំរុញឱ្យប្រជាពលរដ្ឋ និងអាជីវករផលិតបានដោយខ្លួនឯង មិនត្រឹមតែជួយបង្កើតការងារ និងប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវសន្តិសុខស្បៀង និងការពារការឡើងថ្លៃទំនិញលើទីផ្សារផងដែរ។

លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា រដ្ឋបាលខេត្តកណ្ដាល បានត្រៀមរៀបចំបំពាក់កាមេរ៉ាសុវត្ថិភាពបន្ថែមទៀត ហើយមិនត្រឹមផ្ដោតទៅលើការងារសំរាមតែប៉ុណ្ណោះទេ គឺពាក់ព័ន្ធនិងការងារសុវត្ថិភាពចរាចរណ៍ សន្តិសុខ-សណ្ដាប់ធ្នាប់សាធារណៈ ស្របទៅតាមចក្ខុវិស័យរបស់ឯកឧត្តមអភិបាលខេត្ត ក្នុងការប្រែខេត្តកណ្ដាល ក្លាយជាខ្សែក្រវ៉ាត់គាំទ្រសន្តិសុខ សុវត្ថិភាព ស្បៀង លំនៅដ្ឋាន ហើយទាំងអស់នេះគឺជាការខិតខំទាំងមន្ទីរ ទាំងរដ្ឋបាលខេត្ត ដើម្បីធ្វើឲ្យសមិទ្ធផលក្នុងខេត្តកណ្ដាលមានការីកចម្រើនបន្តបន្ទាប់៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





