ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំជំរុញឱ្យរដ្ឋបាលឃុំយកចិត្តទុកដាក់លើការងារប្រើប្រាស់ថវិកាសេវាសង្គម និងអនាម័យបរិស្ថានឱ្យមានប្រសិទ្ធភាព
AKP កំពង់ធំ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- លោក គៀង សេងគី អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាពជាតិ និងជាប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំជំរុញឱ្យរដ្ឋបាលឃុំ យកចិត្តទុកដាក់លើការងារប្រើប្រាស់ថវិកាសេវាសង្គមនិងអនាម័យបរិស្ថានឱ្យមានប្រសិទ្ធភាព។
លោក គៀង សេងគី បានជំរុញដូចនេះនៅក្នុងកិច្ចប្រជុំសាខា និងវគ្គបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាស្រុក/ឃុំ ស្តីពីការប្រើប្រាស់ថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក សេង សារ៉ាក់ សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក ឈួន រ៉ា ប្រធានសាខាសមាគមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក លោកស្រី ឃួន ឡេ អភិបាលរងស្រុក តំណាងលោក គង់ សំអាត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក ក្រុមការងាររតនាគារខេត្តកំពង់ធំ លោក-លោកស្រីមេឃុំសមាជិកក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំង៧ សរុបចំនួន៩៨នាក់(ស្រី៣៧នាក់)។

លោក សេង សារ៉ាត់ បានលើកឡើងថា សាខាសមាគមក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក មានថ្នាក់ដឹកនាំចំនួន៥នាក់ សមាជិកមាន៥៧នាក់(ស្រី៩នាក់)ក្នុងនោះសមាជិកក្រុមប្រឹក្សាស្រុក១៧នាក់ (ស្រី១នាក់)សមាជិកក្រុមប្រឹក្សាឃុំចំនួន៤៥នាក់(ស្រី៨នាក់)។ បញ្ហាប្រឈមរបស់សាខាសមាគមប្រឹក្សាស្រុកប្រាសាទបល្ល័ង្កមាន៖ ១. ការប្រជុំរបស់សាខាសមាគមក្រុមប្រឹក្សាស្រុកពុំដែលបានប្រជុំ។ ២. ការយល់ដឹងពីតួនាទី/ភារកិច្ចរបស់សមាជិកក្រុមប្រឹក្សាឃុំនៅមានកម្រិត។ ៣. បញ្ហាឃុំដូង និងឃុំសាមគ្គី ពុំទាន់មានស្មៀន ដោយស្មៀនពីមុនគាត់ចូលនិវត្តន៍ សព្វថ្ងៃប្រើជំនួយការឃុំជំនួស។

លោកស្រី ឃួន ឡេ បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពរបស់ក្រុមប្រឹក្សាស្រុក និងឃុំក្នុងការប្រើប្រាស់ថវិកាសេវាសង្គម និងថវិកាពាក់ព័ន្ធនឹងការងារអនាម័យបរិស្ថានឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក គៀង សេងគី បានមានប្រសាសន៍ថា រដ្ឋបាលឃុំទាំង៧ ក្នុងស្រុកប្រាសាទបល្ល័ង្ក ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រើប្រាស់ថវិកាមូលនិធិឃុំឱ្យបានត្រឹមត្រូវ និងត្រូវមានការយល់ដឹងច្បាស់លាស់អំពីចំនួនថវិកាដែលឃុំមានក្នុងមួយឆ្នាំ។ ការយល់ដឹងអំពីថវិកា និងការប្រើប្រាស់ថវិកាឱ្យបានត្រឹមត្រូវ គឺជាចំណុចសំខាន់ក្នុងការធានាឱ្យការអនុវត្តការងាររបស់រដ្ឋបាលឃុំមានប្រសិទ្ធភាព និងមានគណនេយ្យភាព។ លោកបានបន្តថា សាខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានស្រុក ត្រូវមានការប្រជុំជាប្រចាំ ដោយរៀងរាល់បីខែម្តង ដើម្បីពិភាក្សា ចែករំលែកបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលកើតមានក្នុងការអនុវត្តការងាររបស់ក្រុមប្រឹក្សា និងរដ្ឋបាលថ្នាក់មូលដ្ឋាន។ ការបង្កើតសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ គឺក្នុងគោលបំណងបម្រើផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សា និងដើរតួនាទីជាសំឡេងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ សមាគមមានតួនាទីចូលរួមលើកកម្ពស់កិច្ចសហការ ការផ្លាស់ប្តូរបទពិសោធន៍ និងការដោះស្រាយបញ្ហាប្រឈមរបស់ក្រុមប្រឹក្សានៅថ្នាក់មូលដ្ឋាន។

កិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលនេះ ក៏បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការពិភាក្សា និងផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាសេវាសង្គម និងការងារអនាម័យបរិស្ថាន ដើម្បីរួមចំណែកធ្វើឱ្យការផ្តល់សេវា និងការអភិវឌ្ឍនៅមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។

លោក គៀង សេងគី អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាពជាតិ និងជាប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំបានសំណូមពរដល់រដ្ឋបាលឃុំទាំងអស់ត្រូវតែមើលអនុក្រិត្យ សារាចរណែនាំរបស់ក្រួងមហាផ្ទៃ និងឯកសារដែលបានចែកជូន ដើម្បីឱ្យដឹងពីការចំណូលចំណាយក្នុងការប្រើប្រាស់ថវិកានៅក្នុងរដ្ឋបាលឃុំរបស់ខ្លួន។ ការអនុវត្តតួនាទី/ភារកិច្ច អនុវត្តឱ្យបានល្អប្រសើរ ត្រូវអនុវត្តឱ្យត្រូវគោលការណ៍ របស់សមាគម ហើយសមាគមខិតខំព្យាយាមរកមេរៀនណាល្អៗ ដើម្បីឱ្យរដ្ឋបាលឃុំមានការអភិវឌ្ឍន៍បន្ថែមទៀត។ សូមរក្សាសាមគ្គីភាពផ្ទៃក្នុងនៅក្នុងរដ្ឋបាលឃុំរបស់ខ្លួន ហើយចេះទំនាក់ទំនងល្អរវាងក្រុមការងារ និងអ្អង្គការដៃគូនានា ដើម្បីឱ្យការងារនៅក្នុងអង្គភាពរបស់ខ្លួនទទួលបានភាពជោគជ័យ៕

ដោយ ស៊ុម វណ្ណា





