អង្គការ NatureLife គាំទ្រមន្ត្រីឧទ្យានុរក្ស និងសហគមន៍សម្រាប់ការអភិរក្ស បឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--មន្ត្រីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ថា ការពង្រឹងសមត្ថភាព មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន គឺជាការបេសកម្មដ៏សំខាន់របស់អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) ក្នុងការគាំទ្រដល់ការគ្រប់គ្រង និងអភិរក្សប្រព័ន្ធអេកូឡូស៊ី បឹងទន្លេសាប ឱ្យមានប្រសិទ្ធភាព។

តាមរយៈគម្រោងថ្មីក្រោមមូលនិធិ Critical Ecosystem Partnership Fund (CEPF) អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife បានបន្តការងាររបស់ខ្លួនក្នុងការពង្រឹងចំណេះដឹង និងជំនាញរបស់អ្នកពាក់ព័ន្ធសំខាន់ៗដែលចូលរួមក្នុងការតាមដាន គ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ជាពិសេស មន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ។ ចំណេះដឹង និងជំនាញជាក់ស្តែងរបស់អ្នកអនុវត្តការងារនៅមូលដ្ឋាន គឺជាតម្រូវការចាំបាច់សម្រាប់ការអភិរក្សប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ ការយល់ដឹងអំពីចន្លោះខ្វះខាតនៃសមត្ថភាព គឺជាជំហានដំបូងដ៏សំខាន់មុនពេលរៀបចំកម្មវិធីបណ្តុះបណ្តាល។ ការវាយតម្លៃតម្រូវការបណ្តុះបណ្តាលជួយកំណត់ចំណេះដឹង និងជំនាញដែលត្រូវការ ចន្លោះខ្វះខាត អាទិភាព និងតម្រូវការជាក់ស្តែងរបស់អ្នកអនុវត្តការងារនៅមូលដ្ឋាន។

អង្គការជីវិតធម្មជាតិនៅកម្ពុជា បានរៀបចំកិច្ចប្រជុំវាយតម្លៃតម្រូវការបណ្តុះបណ្តាលជាបន្តបន្ទាបើចំនួនពីរ រួចមកហើយ នៅតំបន់រ៉ាមសារស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដោយមានអ្នកចូលរួមសរុបចំនួន ៣៤ នាក់ ក្នុងនោះស្ត្រី ៤នាក់ រួមមាន មន្ត្រីឧទ្យានុរក្ស គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងក្រុមល្បាតស្ត្រី។ ការវាយតម្លៃនេះបានផ្តល់ឱកាសដ៏សំខាន់ក្នុងការស្វែងយល់កាន់តែច្បាស់អំពី សមត្ថភាពបច្ចុប្បន្ន បញ្ហាប្រឈម និងអាទិភាពនៃតម្រូវការបណ្តុះបណ្តាល របស់មន្ត្រីឧទ្យានុរក្ស និងតំណាងសហគមន៍តំបន់ការពារធម្មជាតិ។ លទ្ធផលនៃការវាយតម្លៃនឹងក្លាយជាមូលដ្ឋានសម្រាប់រៀបចំ ផែនការពង្រឹងសមត្ថភាព និងកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អ្នកពាក់ព័ន្ធ។

តំបន់រ៉ាមសារស្ទឹងសែន និងបឹងទន្លេឆ្មារ គឺជាតំបន់ដីសើមដែលមានសារៈសំខាន់ខាងអេកូឡូស៊ីនៅក្នុងឋបនីយជីវមណ្ឌលបឹងទន្លេសាប។ តំបន់ទាំងនេះមានជីវៈចម្រុះសម្បូរបែប និងជាជម្រក និងកន្លែងរកចំណីដ៏សំខាន់សម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទ រួមទាំងប្រភេទកម្រ និងរងការគំរាមកំហែង។ ជាមួយគ្នានេះ តំបន់ដីសើមទាំងនេះក៏ផ្តល់ធនធានធម្មជាតិ និងប្រភពមុខរបរចិញ្ចឹមជីវិតដ៏សំខាន់សម្រាប់ប្រជាសហគមន៍រាប់ពាន់គ្រួសារ ៕

ដោយ៖ ណយ នឿន (ប្រភព៖NatureLife)





