ក្រសួងសុខាភិបាល និងមន្ទីរពេទ្យ Fuwai Yunnan ប្រទេសចិន បណ្តុះបណ្តាល និងអនុវត្តន៍ការពិនិត្យស្រាវជ្រាវរកកុមារមានជំងឺបេះដូងពីកំណើត នៅខេត្តសៀមរាប និងខេត្តកំពង់ចាម
AKP សៀមរាប ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--ក្រុមការងារក្រសួងសុខាភិបាល សហការជាមួយវិទ្យាស្ថានមេគង្គ (Mekong Institute) និងមន្ទីរពេទ្យ Fuwai Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំកម្មវិធីបណ្តុះបណ្តាល និងអនុវត្តន៍ការពិនិត្យស្រាវជ្រាវរកកុមារមានជំងឺបេះដូងពីកំណើត ក្រោមគម្រោងថែទាំបេះដូងកុមារមេគង្គ (Mekong Children’s Heart Care Project–MCHC) នៅខេត្តសៀមរាប និងខេត្តកំពង់ចាម ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីសុខាភិបាលកម្ពុជា។ កម្មវិធីបណ្ដុះបណ្ដាលនេះ បានធ្វើឡើងនៅខេត្ដសៀមរាប និងខេត្ដកំពង់ចាម កាលពីពេលថ្មីៗនេះ។

កម្មវិធីបណ្ដុះបណ្ដាលនៅខេត្តសៀមរាប និងបន្តអនុវត្តន៍នៅខេត្តកំពង់ចាម ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត និងគ្រូពេទ្យមកពីខេត្តគោលដៅ រួមមាន ខេត្តសៀមរាប កំពង់ចាម កំពត និងខេត្ដតាកែវ ដោយមានការសហការណែនាំជំនាញបច្ចេកទេសពីវេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យ Fuwai Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន។

សម្រាប់កម្មវិធីបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពបច្ចេកទេសរបស់ មន្ត្រីសុខាភិបាល ក្នុងការរកឃើញដំបូង ការពិនិត្យស្រាវជ្រាវ ការបញ្ជូន ការធ្វើរោគវិនិច្ឆ័យ ការកត់ត្រាទិន្នន័យ និងការតាមដានកុមារដែលរកឃើញថា មានជំងឺបេះដូងពីកំណើត។ ប្រធានបទសំខាន់ៗរួមមាន តួនាទីរបស់មូលដ្ឋានសុខាភិបាលក្នុងការរកឃើញជំងឺឱ្យបានឆាប់ ការវាយតម្លៃសុខភាពបេះដូងកុមារ ការពិនិត្យតាមរយៈការស្តាប់សំឡេងបេះដូង ការពិនិត្យអេកូបេះដូង និងការធានាគុណភាពនៃការពិនិត្យស្រាវជ្រាវតាមសាលារៀន ក្នុងខេត្តទាំងពីរ។

សូមជម្រាបជូនថា ការអនុវត្តចុះពិនិត្យស្រាវជ្រាវរកកុមារ នៅខេត្តសៀមរាប និងខេត្តកំពង់ចាមនេះ បានចំនួនប្រមាណជាង ២ម៉ឺននាក់ និងកុមារទទួលការពិនិត្យ Echocardiography បានចំនួនប្រមាណជាង ៧០០នាក់។ ការអនុវត្តកម្មវិធីនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកិច្ចសហការដ៏ល្អរវាងក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកជំនាញ និងមូលដ្ឋានសុខាភិបាល ក្នុងការរួមគ្នាលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់កុមារកម្ពុជា៕




ដោយ៖ រិទ្ធី, ប្រភព៖ ក្រសួងសុខាភិបាល





