រដ្ឋបាលស្រុកកោះអណ្ដែត រៀបចំពិធីជួបសំណេះសំណាល និងចូលរួមអប អរសាទរជាមួយ សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
AKP តាកែវ ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៦--រដ្ឋបាលស្រុកកោះអណ្ដែត បានរៀបចំពិធីជួបសំណេះសំណាល និងចូលរួមអបអរសាទរជាមួយ ប្អូនៗសិស្សានុ សិស្សដែលទើបបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០-១១ ខែសីហាឆ្នាំ២០២៦ឆ្នាំសិក្សាសិក្សា ២០២៥-២០២៦មកពីវិទ្យាល័យទាំង៣ក្នុងស្រុកកោះអណ្ដែត។អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ លោក ង៉ែត យូដារិត អនុប្រធានវិទ្យាស្ថាននៃបណ្ឌិត្យបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានឃុំធ្លាប្រជុំ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលស្រុកកោះអណ្ដែត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមជាច្រើនរូបផងដែរ។

ពិធីនេះរៀបចំឡើងនៅសាលប្រជុំ រដ្ឋបាលស្រុកកោះអណ្ដែតខេត្តតាកែវ កាលពីរសៀលថ្ងៃអង្គារ១១រោចខែស្រាពណ៍ឆ្នាំមមីអដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៨។

ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត បានថ្លែងនូវការកោតសរសើរនិងអបអរសាទរ ចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត និងពេលវេលាក្នុងការសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យគួរជាទីមោទនភាពនាពេលនេះ។

លោក ភួន ឈីម បានមានប្រសាសន៍បន្តថា ទន្ទឹមនឹងនេះសូមក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំសិក្សានិងក្រេបជញ្ជក់ចំណេះដឹងបន្ថែមទៀត នៅកម្រិតឧត្ដមសិក្សានូវជំនាញដែលក្មួយៗពេញចិត្ត ជាពិសេសលើជំនាញបច្ចេកវិទ្យាឌីជីថល។ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង ឱ្យក្លាយជាទំពាំង ស្នងឫស្សី និងជាធនធានមនុស្សដ៏មានសក្ដានុពល ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងស្រុកកំណើតឱ្យកាន់តែរីកចម្រើននាពេលអនាគត។
លោក ភួន ឈីម បានបន្ថែមថា លទ្ធផលដែលក្មួយៗទទួលបាននៅថ្ងៃនេះ បានបង្ហាញពីការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបង្ហាត់បង្រៀន របស់លោកគ្រូអ្នកគ្រូ និងការចូលរួមដាស់តឿនក្រើនរំលឹក ពីសំណាក់មាតាបិតាអាណាព្យាបាលសិស្ស។ពិសេសសិស្សខ្លួនឯងផ្ទាល់តែម្ដង ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ទើបទទួលបានលទ្ធផលល្អបែបនេះ។ចំណែកក្មួយៗដែលមិនបានទទួលជោគជ័យក្នុងការប្រឡង សូមកុំបាក់ទឹកចិត្ត ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ដើម្បីមានឱកាសប្រឡងជាប់នៅឆ្នាំក្រោយៗទៀត៕
ដោយ៖ អ៊ុច សៀង





