រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
AKPកំពង់ធំ ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៦--រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំសាម ញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំព្រឹកថ្ងៃ ទី០៨ខែកញ្ញាឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម ជាតិ ស៊ីវុត្ថា បានលើកឡើងរបៀបវារៈនៃកិច្ចប្រជុំចំនួន ៥ រួមមាន÷១.កម្មវិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ។២.ពិនិត្យនិងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ២៧ របស់ក្រុមប្រឹក្សាខេត្ត។៣.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។៤.ពិនិត្យ និងអនុម័ត ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនអភិបាលអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំនិង៥.បញ្ហាផ្សេងៗ។

បន្ទាប់ពីអង្គប្រជុំបានពិភាក្សានិងអនុម័តនូវរបៀបវារៈខាងលើដោយការលើកដៃជាឯកច្ឆន្ទរួចមកឯកឧត្តម នួន ផារ័ត្នបានលើកឡើងថាឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ អាកាសធាតុមានការប្រែប្រួល ធ្វើឱ្យដំណាំស្រូវនៅក្នុងខេត្តកំពង់ធំ ទទួលរងនូវផលប៉ះពាល់គ្រោះរាំងស្ងួតដោយកន្លែង ប៉ុន្តែមិនទាន់មានលក្ខណៈធ្ងន់ធ្ងរនៅឡើយទេ។ ហើយទន្ទឹមនឹងនោះដែរ ចំពោះតម្លៃស្រូវប្រាំងក្នុងការប្រមូលផលនាដើមរដូវវស្សានេះ មានតម្លៃល្អ ប្រជាពលរដ្ឋមានការសប្បាយចិត្ត។ហើយឆ្នាំនេះសម្រាប់ខេត្តកំពង់ធំមានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែនៅតាមបណ្តោយដងស្ទឹងសែនដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋនៅថ្ងៃទី២៦-២៧ខែតុលាឆ្នាំ២០២៦ខាងមុខនេះ។

ទន្ទឹមនឹងនេះឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីការឈ្លានពានរបស់កងទ័ពថៃ និងការបន្តកាន់កាប់ដោយខុសច្បាប់ផ្នែកខ្លះនៃទឹកដីកម្ពុជា ដែលបានធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជារាប់ពាន់គ្រួសារ បាត់បង់ផ្ទះ សម្បែង និងទ្រព្យសម្បត្តិ។ឯកឧត្តមបន្តថាយើងចង់ឃើញភាគីថៃត្រឡប់មកកាន់តុចចារវិញ ដើម្បីស្វែងរកដំណោះ ស្រាយដោយសន្តិវិធី ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងរួមគ្នាស្ថាបនាឡើងវិញនូវព្រំដែនមួយ ដែលមានសន្តិភាព និងស្ថិរភាព ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។ដរាបណាកងទ័ពថៃនៅតែឈរជើងដោយខុសច្បាប់នៅលើទឹកដីរបស់កម្ពុជា នោះកម្ពុជានៅតែបន្តប្រាប់ពិភពលោកឱ្យដឹងអំពីការរំលោភបំពាននេះ។ កម្ពុជាចង់រក្សាឱ្យបានសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ប៉ុន្តែយើងក៏ប្រឆាំងដាច់ខាតទៅនឹងការប៉ុនប៉ងឈ្លានពានលើបូរណ ភាពទឹកដីរបស់យើងផងដែរ៕

ដោយ៖ ស៊ុម វណ្ណាម





