អភិបាលស្រុកស្ទោង៖ ការឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកាជូនដល់វីរកងទ័ព គឺជាការប្រកៀកស្មារវាងសមរភូមិមុខ និងសមរភូមិក្រោយក្នុងស្មារតីរួមគ្នាការពារបូរណភាពទឹកដី
AKP កំពង់ធំ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦--លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា ការឧបត្ថម្ភគាំទ្រគ្រឿង ឧបភោគបរិភោគ សម្ភារ និងថវិកា ជូនដល់វីរកងទ័ពគឺជាការប្រកៀកស្មារវាងសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងស្មារតីរួមគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
លោកអភិបាលស្រុកបានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញនាំយកអំណោយរបស់ ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង តាមរយៈឯកឧត្តម ជីវ ស៊ុនហេង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិនជើងរួមមាន ត្រីខចំនួន៥០យួរ ប៊ីចេងចំនួន ៥០កញ្ចប់ ទឹកត្រីនិងទឹកស៊ីអ៊ីវចំនួន៥០យួរ ក្រមាចំនួន២០០ និងថវិកាចំនួន២លានរៀល ឧបត្ថម្ភ ដល់វីរកងទ័ពជួរមុខទិសប្រាសាទព្រះវិហារ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។

លោកអភិបាលស្រុកបានបញ្ជាក់ថា ទោះបីប្រជាពលរដ្ឋនៅសមរភូមិក្រោយមិនបានចូលរួម បំពេញភារកិច្ចនៅតំបន់ព្រំដែនដោយផ្ទាល់ក៏ដោយ ក៏អាចចូលរួមគាំទ្រដល់វីរកងទ័ព តាមរយៈ ការផ្តល់គ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកាតាមលទ្ធភាព។ ការចូលរួមទាំងនេះ គឺជាកម្លាំង ចិត្តដ៏មានតម្លៃសម្រាប់កងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារជាតិ។
ជាមួយគ្នានេះ រដ្ឋបាលឃុំកំពង់ចិនជើង និងសប្បុរសជនមួយចំនួនទៀត ក៏បានចូលរួម ឧបត្ថម្ភទឹកសុទ្ធចំនួន ១.៥០០យួរ និងប្រេងម៉ាស៊ូតចំនួន៣កាន ដើម្បីចូលរួមផ្គត់ផ្គង់ និងគាំទ្រដល់ កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីផងដែរ។

លោកអភិបាលស្រុកស្ទោង បានចាត់ទុកការចូលរួមនេះថា ជាការបង្ហាញពីស្មារតី សាមគ្គីភាព និងការរួបរួមរបស់អាជ្ញាធរ ប្រជាពលរដ្ឋ និងសប្បុរសជន ដែលមានឆន្ទៈចូលរួម ចំណែកក្នុងការគាំទ្រដល់កងទ័ពសមរភូមិមុខ។ មានកងទ័ពឈរជើងការពារបូរណភាពទឹកដី ខណៈសមរភូមិក្រោយមានអាជ្ញាធរ ប្រជាពលរដ្ឋ និងសប្បុរសជនចូលរួមគាំទ្រតាមលទ្ធភាព។ ការប្រកៀកស្មាររវាងភាគីទាំងពីរ បានបង្កើតជាកម្លាំងរួមមួយដ៏មានសារៈសំខាន់ ក្នុងការលើក ទឹកចិត្តដល់អ្នកដែលកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែន។

លោកអភិបាលស្រុក បានអំពាវនាវឱ្យមានការបន្តចូលរួមគាំទ្រដល់វីរកងទ័ពតាមលទ្ធភាព របស់យើងម្នាក់ៗ ព្រោះរាល់ការចូលរួមតូចធំ សុទ្ធតែជាការបង្ហាញពីការដឹងគុណ និងការយក ចិត្តទុកដាក់ចំពោះអ្នកដែលកំពុងបំពេញភារកិច្ចការពារជាតិ។ ការផ្តល់អំណោយ និងការឧបត្ថម្ភ ផ្សេងៗមិនត្រឹមតែជាការជួយផ្នែកសម្ភារប៉ុណ្ណោះទេ ប៉ុន្តែជាសារនៃកម្លាំងចិត្ត និងភាពកក់ក្តៅពី សមរភូមិក្រោយដែលបានផ្ញើទៅកាន់វីរកងទ័ពនៅសមរភូមិមុខ។ ស្មារតីប្រកៀកស្មារ រវាងសមរភូមិ មុខ និងសមរភូមិក្រោយនេះ គឺជាកម្លាំងមួយដែលបង្ហាញពីការរួបរួមគ្នារបស់កូនខ្មែរគ្រប់មជ្ឈដ្ឋាន ដើម្បីគាំទ្រដល់អ្នកដែលកំពុងបំពេញភារកិច្ចការពារជាតិ និងបូរណភាពទឹកដីកម្ពុជា៕
ដោយ ស៊ុម វណ្ណា





