វេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ ក្រុមកុមារ និងយុវជន របស់អង្គការ World Vision ប្រចាំនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦--កុមារ និងយុវជនបង្គោលមកពីបណ្តាខេត្តនានា បានជួបជុំគ្នាក្នុង «វេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំក្រុមកុមារ និងយុវជន» នៃអង្គការទស្សនពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា។ វេទិកាដ៏មានសារៈសំខាន់នេះ បង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យយុវជនមកពីគ្រប់តំបន់អភិវឌ្ឍន៍ បានកសាងបណ្តាញទំនាក់ទំនង ចែករំលែកបទពិសោធន៍ការងារក្នុងសហគមន៍ និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗ ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់សហគមន៍របស់ខ្លួនវិញ។

ប្រភពីអង្គការ World Vision បានឱ្យដឹងនាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ថា ក្នុងឆ្នាំនេះ ក្រុមកុមារ និងយុវជនបង្គោលបានចូលរួមជជែកពិភាក្សាដោយផ្ទាល់ជាមួយក្រុមការងារថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការទស្សនពិភពលោក។ ពួកគេបានធ្វើបទបង្ហាញពីលទ្ធផលស្រាវជ្រាវដែលដឹកនាំដោយផ្ទាល់ ព្រមទាំងបានលើកឡើងពីបញ្ហាប្រឈម និងកង្វល់នានានៅកម្រិតសហគមន៍ ជូនទៅកាន់ថ្នាក់ដឹកនាំដែលជាអ្នកធ្វើសេចក្តីសម្រេចចិត្ត ដើម្បីយកទៅពិភាក្សាបន្ថែម និងបញ្ចូលទៅក្នុងគម្រោងឆ្លើយតបឱ្យចំតម្រូវការជាក់ស្តែងរបស់ពួកគេ។

បន្ថែមពីនេះ អ្នកចូលរួមទាំងអស់ក៏បានពង្រឹងសមត្ថភាពបន្ថែមពីលំហូររាយការណ៍ផ្លូវការ ស្របតាមគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារផងដែរ។ នៅពេលដែលអង្គការ World Vision បានផ្តល់ឱកាសឱ្យកុមារ និងយុវជនមានចំណែកក្នុងការសម្រេចចិត្ត និងការពិភាក្សា ការងារដែលយើងកំពុងរួមគ្នាកសាងអនាគតមួយដ៏មានសុវត្ថិភាព និងពោរពេញដោយសក្តានុពលសម្រាប់ពួកគេ៕

ដោយ ណយ នឿន (ប្រភព៖ World Vision)





