លោកជំទាវឃួន ឃុនឌីជំរុញឱ្យសមាជិកសមាជិកាគណបក្សពង្រឹងឯកភាពផ្ទៃក្នុងឱ្យបានល្អ
AKP កំពង់ធំ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ --លោកជំទាវ ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ ស្វាយបានជំរុញដល់សមាជិកសមាជិកាគណបក្សទាំងអស់ត្រូវតែឯកភាពផ្ទៃក្នុងឱ្យបានល្អ។

លោកជំទាវជំរុញដូចនេះក្នុង កិច្ចប្រជុំពិភាក្សាការងារគណបក្សជាមួយសមាជិកសមាជិកាគណបក្សឃុំកំពង់់គោ ស្រុកកំពង់ស្វាយខេត្តកំពង់ធំនាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៦។

លោកជំទាវសង្កត់ធ្ងន់ថាកិច្ចការសាមគ្គី ភាព និងឯកភាពផ្ទៃក្នុងជាកិច្ចការស្នូលអត្ថិភាពដ៏សំខាន់បំផុតដើម្បីបោះជំហានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ ដូចនេះក្រុម ការងារចុះមូលដ្ឋានឃុំ ក៏ដូចជាប្រធាន អនុប្រធាន សមាជិកសមាជិកគណបក្សទាំងអស់ត្រូវយល់នឹងឈរលើការមូលមតិគ្នាតែមួយ ដោយចូលរួមជាមួយគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានាដោយផ្អែកលើការពិនិត្យពិភាក្សាឱ្យបានត្រឹមត្រូវនឹងទាន់ពេលវេលា ប្រកប ដោយមនសិការខ្ពស់។ស្មោះត្រង់ជាកាតព្វកិច្ចចំបងក្នុងគណបក្សដើម្បីផ្តល់ទំនុកចិត្ត និងភាពជឿជាក់ផ្ទៃក្នុងបក្ស ពិសេសសមាជិកសមាជិកាគណបក្សទាំងអស់ព្រមទាំងពង្រឹងនូវបញ្ហាសតិអារម្មណ៍ស្មារតីកាន់តែល្អប្រសើរឡើងដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមិនអាចគណបក្សនយោបាយណាមួយមកបំបែកបានឡើយ ពិសេសយុវជនគ្រប់អាយុបោះឆ្នោតដែលមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញការគាំទ្រពីគ្រប់ទិសទីឈានដល់កម្រិតកំពូលនៃជ័យជំនះរបស់បក្ស។

លោកជំទាវបានជំរុញក្រុមការងារគណបក្សទាំងអស់ធ្វើសកម្មភាពផ្សព្វផ្សាយពីសមិទ្ធិផលនានាជាប្រចាំដើម្បីក្រើនរំលឹក និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សក្នុងការជួយជ្រោមជ្រែងកសាងឡើង នឹងដើម្បីបន្សាបនូវឥទ្ធិពលក្រុមបក្សប្រឆាំងដែលកន្លងមកបានឆ្លៀតឱកាសវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជារបស់យើងនិងបានជំរុញក្រុមការងារចុះមូលដ្ឋានភូមិឃុំនិងប្រធានគណ:កម្មាធិការបក្សឃុំសាខាភូមិខិតខំរួមគ្នាកសាងសមាជិកបក្សថ្មីបន្ថែមទៀត ជាពិសេសយុវជនដែលទើបគ្រប់អាយុបោះឆ្នោត។យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព បាត់ ខូច លើកទឹកចិត្តដល់ពួកគាត់ឱ្យទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មីឱ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមចុះឈ្មោះបោះឆ្នោតនាពេលខាងមុខព្រមទាំងខិតខំបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋឱ្យបានល្អ ទាន់ ពេលវេលា។ លើសពីនេះទៅទៀតយើងត្រូវតែបន្តចុះតាមខ្នងផ្ទះដើម្បីដឹងពីសុខទុក្ខនិងតម្រូវការរបស់ពួកគាត់ដើម្បីបំពេញបន្ថែមព្រមទាំងដោះស្រាយឱ្យបានទាន់ពេលវេលា។

លោកជំទាវក៏បានរំលេចឡើងនូវបញ្ហាព្រំដែនរវាងកម្ពុជានិងថៃសូមឱ្យសមាជិកគណបក្សទាំងអស់ជឿជាក់លើរដ្ឋាភិបាលកម្ពុជាដែលលោកមមាញឹកក្នុងការដោះស្រាយជម្លោះនេះដោយសន្តិវិធីនិងស្របទៅតាមយន្តការនិងច្បាប់អន្តរជាតិជាមូលដ្ឋាន។
ក្នុងពិធីសំណេះសំណាលនេះមានអ្នកចូលរួមចំនួន៣៣នាក់ ព្រមទាំងផ្តល់ជូនម្នាក់ៗទទួលបានថង់ក្រណាត់១ សារ៉ុង១ ក្រមា១ និងថវិកា២ម៉ឺនរៀល។

ទន្ទឹមនឹងនេះលោកជំទាវបានអញ្ចើញចុះពិនិត្យដំណើរការការសាងសង់ទីស្នាក់ការគណបក្សប្រជាជនថ្មីដែលសម្រេចបាន៥០%៕
ដោយ៖ ស៊ុម វណ្ណា





