ពិធីដាំដើមឈើប្រណិតនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងស្រុកសន្ទុក
AKPកំពង់ធំថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាកា រតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការនិងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ខែ កញ្ញាឆ្នាំ២០២៦បានដឹកនាំសហការី រួមជាមួយលោក ជុំ វីរៈ អភិបាលរងស្រុកសន្ទុក បានដឹកនាំអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងស្រុកសន្ទុក ខេត្តកំពង់ធំដាំដើមឈើប្រណិតចំនួន២៦៩ ដើម តំណាងឱ្យក្រុមគ្រួសារអតីតយុទ្ធជនចំនួន២៦៩ គ្រួសារ ដោយក្នុងមួយគ្រួសារចំនួនមួយដើមទុកជាសម្បត្តិធម្មជាតិ នៅក្នុងបរិវេណសាលប្រជុំ និងតាមដងផ្លូវនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជននៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោក ជុំ វីរៈ អភិបាលរងស្រុកទទួល បន្ទុក ការងារសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ស្រុកសន្ទុក បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ដោយបានគូស បញ្ជាក់ថា ក្រុមគ្រួសារអតីតយុទ្ធជនដែលបានមករស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងមានចំនួន ២៦៩ គ្រួសារ និងមាន ២៤១ ខ្នងផ្ទះ ដែលជាអំណោ យរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមបតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តល់ដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជនទាំង២៤១ខ្នងផ្ទះដោយក្នុងមួយខ្នងផ្ទះទទួលបានផ្ទៃដី១ ហិកតា។ចំពោះដើមឈើដែលត្រូវដាំនៅពេលនេះ មានប្រភេទឈើប្រណិត ដូចជាដើមក្រញូង ដើមធ្នង់ ដើមនាងនួន និងប្រភេទឈើផ្សេៗមួយចំនួនទៀត ដែលជាតំណាងឱ្យអតីតយុទ្ធជនចំនួន ២៦៩ គ្រួសារ នៅ ក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា បងប្អូនអតីតយុទ្ធជន ដែលបានមករស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងនេះ គឺជាបងប្អូនអតីតយុទ្ធជន ដែលរស់នៅតាមបណ្ដាស្រុកនានា នៅក្នុងខេត្តកំពង់ធំ ដែលគាត់គ្មានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យ ឬរស់នៅលើដីសាធារណៈរបស់រដ្ឋ ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ធ្វើបច្ចុប្ប ន្នភាព ហើយបានឯកភាពគ្នាជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីផ្ដល់ផ្ទះថ្មីនិងដីសម្បទានសង្គមកិច្ច អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោធិបតី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខា ធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ការដាំដើមឈើប្រណិតនៅក្នុងបរិវេណសាលប្រជុំ និងនៅតាមដងផ្លូវនៅពេលនេះមានចំនួន ២៦៩ ដើម តំណាងឲ្យអតីតយុទ្ធជនចំនួន ២៦៩ គ្រួសារ ដោយក្នុងមួយគ្រួសារមួយដើម ដើម្បីទុកជាសម្បត្តិធម្មជាតិ សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ។

ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់បងប្អូនអតីតយុទ្ធជនទាំងចំនួន ២៦៩ គ្រួសារ ក្រោយពេលដាំដើមឈើរួច ត្រូវបន្តថែរទាំដើមឈើរបស់គ្រួសារខ្លួននីមួយៗឱ្យបានដុះលូតលាស់ល្អ ហើយជាចលនាប្រលងប្រណាំងក្នុងការថែទាំ ដើម្បីជាម្លប់ និងមានសោភ័ណភាព នៅក្នុងទីតាំងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងខេត្តកំពង់ធំតរៀងទៅ៕
ដោយ៖ ស៊ុម វណ្ណា





