ក្រសួងការងារនាំយកឱកាសការងារ “ដល់ផ្ទះ” ផ្សព្វផ្សាយអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនប្រជាពលរដ្ឋនៅស្រុកថ្មបាំង
AKP កោះកុង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦--ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជិត ១ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិត ៥០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅក្នុងបរិវេណវិទ្យាល័យឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា រាជរដ្ឋាភិ បាលដែលមានក្រសួងការងារជាសេនាធិការតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងបង្កើនសេដ្ឋកិច្ចជាតិតាមរយៈការផ្តល់ឱកាសការងារ។ បច្ចុប្បន្នមានឱកាសការងារ “ក្នុងស្រុក” ជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេសនៅតាមសហគ្រាសក្រុមហ៊ុន និងរោងចក្រ ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។

ឯកឧត្តមគូសបញ្ជាក់ថា នេះជាការនាំយកការងារដល់ ”ផ្ទះ ដល់មូលដ្ឋាន” ដែលក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. និងរស់នៅជួបជុំគ្រួសារ ខណៈដែលការងារចំណាកស្រុកប្រឈមហានិភ័យសុវត្ថិភាព កេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងរស់នៅឆ្ងាយពីគ្រួសារ។

បន្ថែមពីនេះ បងប្អូនជាយុវជន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើនតាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដែលមានគ្រូល្អ បរិក្ខារ និងឧបករណ៍សិក្សាទំនើបៗ។ ក្រោយពេលរៀនចប់ បងប្អូនអាចរកការងារធ្វើកាន់តែប្រសើរ ឬបើកមុខរបរដោយខ្លួនឯងបានផងដែរ។ ទន្ទឹមនេះ អតីតពលករដែលមានជំនាញផ្នែកសំណង់ ក្រសួងក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ ដែលអាចជួយឱ្យបងប្អូនទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ។
ក្រៅពីការងារក្នុងស្រុក ក្រសួងក៏បន្តផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកប ដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។

សូមបញ្ជាក់ថា ឱកាសការងារទាំងជិត ១ពាន់កន្លែងនេះ ត្រូវបានផ្តល់ដោយរោងចក្រ ខេខេអិន អឹភែរឹល ខូអិលធីឌី, រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក និងធនាគារ វឌ្ឍន: អាស៊ី ចំកាត់(នៅខេត្តកោះកុង) ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស មានក្រុមហ៊ុន មង្គល អេចអ៕
ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ ក្រសួងការងារ





