ឯកឧត្តមនួន ផារ័ត្នជួបសំណេះសំណាលជាមួយសិស្សានុសិស្សខេត្តកំពង់ធំជ័យលាភីនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦
AKP កំពង់ធំ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សខេត្តកំពង់ធំ ជ័យលាភីនិទ្ទេស A ចំនួន ៥២នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នាសម័យប្រឡើងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំកាលពីថ្ងៃទី០៤ខែសីហាឆ្នាំ២០២៦។


ឯកឧត្តម នួន ផារ័ត្នបានថ្លែងថា ការទទួលបានជ័យលាភីនិទ្ទេស A នាពេលនេះ គឺជាសមិទ្ធផលដ៏ថ្លៃថ្លា និងគួរឱ្យមោទនភាព ដែលកើតចេញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងការគាំទ្រលើកទឹកចិត្តពីឪពុកម្តាយ អាណាព្យាបាល និងសង្គមទាំងមូល។ ជ័យលាភីនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់សិស្សានុសិស្ស និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពរបស់សាលារៀន និងខេត្តផងដែរ។

ឯកឧត្តមបន្តថា ការសិក្សារៀនជំនាញ មិនត្រឹមតែផ្តល់ចំណេះដឹងសម្រាប់ប្រកបអាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរៀនសូត្រមេរៀនជីវិត ដែលជួយឱ្យយើងចេះគិត ចេះដោះស្រាយបញ្ហា មានការទទួលខុសត្រូវ អត់ធ្មត់ និងមានសមត្ថភាពប្រឈមមុខនឹងបញ្ហាប្រឈមនានា។ ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបាន នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់កសាងអនាគត និងរួមចំណែកអភិវឌ្ឍគ្រួសារ សង្គម និងប្រទេសជាតិ។

ស្ថិតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សជ័យលាភី និទ្ទេស A ទាំង ៥២នាក់ ទទួលបានប័ណ្ណសរសើរ និងថវិកា ៤០ ម៉ឺនរៀលក្នុងម្នាក់ៗ ៕
ដោយ ស៊ុម វណ្ណា(ប្រភព÷រដ្ឋបាលខេត្តកំពង់ធំ)





