អភិបាលស្រុកស្ទោង៖ រាជរដ្ឋាភិបាល និងអាជ្ញាធរ បន្តអភិវឌ្ឍន៍និងយកចិត្តទុកដាក់លើជីវភាព ពលរដ្ឋក្នុងមូលដ្ឋានដូចភ្លៀងរលឹម
AKP កំពង់ធំ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦--លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា រាជរដ្ឋាភិបាល និងអាជ្ញាធរ បន្តអភិវឌ្ឍន៍និងយកចិត្តទុកដាក់លើជីវភាពពលរដ្ឋក្នុងមូលដ្ឋានដូចភ្លៀងរលឹម។

លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងដែលជាអំណោយរបស់លោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ជូនដល់គ្រួសារងាយរងហានិភ័យនៅក្នុងភូមិបុសតាឯក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

លោកអភិបាលស្រុកបានបន្ថែមថា អំណោយទាំងនេះគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងមូលដ្ឋានពីសំណាក់ក្រុមការងារ ជាពិសេស ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកស្ទោង ដែលបាន និងកំពុងអភិវឌ្ឍន៍ស្រុកស្ទោង ដូចភ្លៀងរលឹម ជាមួយនឹងសំណង់ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តស្អេកស្កះគ្រប់ភូមិឃុំ ភូមិបុសតាឯក ទទួលបាននូវសូឡា បំភ្លឺពេលរាត្រីដូចដែលបានដាក់បំពាក់នៅក្នុងឱកាសនេះជាទឹកតាងស្រាប់។

ជាមួយគ្នានេះលោកអភិបាលស្រុក បានអំពាវនាវដល់អាជ្ញាធរភូមិ/ឃុំ និងប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាគ្រុនឈាម ដែលកំពុងផ្ទុះការរាតត្បាតខ្លាំងនៅក្នុងមូលដ្ឋាន ជាពិសេសចំពោះកុមារ ហើយត្រូវធ្វើការផ្សព្វផ្សាយ និងបន្តអនុវត្តន៍វិធានកម្ចាត់មូសខ្លាឱ្យអស់ពី លទ្ធភាព ហើយប្រសិនបើកូនចៅឡើងកម្ដៅខ្លួនខ្លាំងត្រូវប្រញាប់រួសរាន់បញ្ជូនទៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យបង្អែកឱ្យបានឆាប់បំផុត។
ទន្ទឹមនេះ លោកអភិបាលស្រុកស្ទោង បានណែនាំដល់ពលរដ្ឋត្រូវនាំគ្នាទៅចុះឈ្មោះបោះ ឆ្នោត ឬធ្វើជីវមាត្រ ឱ្យបានគ្រប់គ្នានៅក្នុងខែតុលាខាងមុខនេះ ដើម្បីប្រាកដថាខ្លួនមានឈ្មោះក្នុង បញ្ជីឈ្មោះបោះឆ្នោតយ៉ាងប្រាកដ។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះ ជាអំណោយ របស់លោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ហើយសូឡាដែលដាក់បំពាក់ចំនួន ២៣ដើម ជាអំណោយរបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ៕

ដោយ ស៊ុម វណ្ណា





