ពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនដែលទើបជ្រើសរើសថ្មី ចំនួន២១០នាក់ នៃក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--
នៅក្នុងសាលពហុបំណងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ កាកបាទក្រហមកម្ពុជានាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះបានរៀបចំពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាថ្មីចំនួន ២១០នាក់ ប្រចាំវិទ្យាស្ថានគរុកោល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងយុវជន កក្រក មកពីបណ្តាក្លឹបនៃគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ ក្នុងរាជធានីភ្នំពេញ សរុបប្រមាណ ២៦០នាក់។

ឯកឧត្តម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីស្រឡាញ់ និងនឹករលឹកបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត អនុប្រធានអចិន្ដ្រៃយ៍។

ឯកឧត្តមពិត ចំណាន៖ យុវជន និងអ្នកស្ម័គ្រចិត្តគឺជា បេះដូង និងកម្លាំងចលករស្នូល នៃចលនាកាកបាទក្រហម ហើយការបំពាក់កន្សែងនាពេលនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រីកបណ្ដាញយុវជនឱ្យក្លាយជាកម្លាំងបន្តវេន ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌ ស្របតាមយុទ្ធសាស្ត្រ ២០២១-២០៣០ ព្រមទាំងបានកោតសរសើរចំពោះគណៈគ្រប់គ្រងវិទ្យាស្ថាន ទីប្រឹក្សាយុវជន និងក្រុមប្រតិបត្តិដែលបានខិតខំជំរុញសកម្មភាពមនុស្សធម៌ មិត្ត-អប់រំ-មិត្ត មិត្ត-ជួយ-មិត្ត ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





