ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីគ្រោងរៀបចំវេទិកាជាតិលើកទី៣ ស្ដីពីអនាម័យនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦-
-ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទនារសៀលថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីត្រៀមរៀបចំវេទិកាជាតិលើកទី៣ ស្ដីពីអនាម័យនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងលោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេសផ្នែកទឹកស្អាត និងអនាម័យ ផងដែរ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្ដីព្រាងឯកសារនានា ដែលក្រុមការងារបច្ចេកទេសបានរៀបចំ ព្រមទាំងបានផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ជាច្រើន ដែលធ្វើឱ្យការរៀបចំឯកសារកាន់តែល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្ដ្រី ៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបំពេញតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅតំបន់ជនបទ ជាពិសេសការជំរុញឱ្យសម្រេចបាននូវការបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល (ODF) ទាំង ២៥រាជធានី-ខេត្ត ដែលជាសមិទ្ធផលជាប្រវត្តិសាស្ដ្រថ្មីមួយរបស់កម្ពុជា។ ក្នុងន័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងរៀបចំវេទិកាជាតិស្ដីពីអនាម័យនៅកម្ពុជា ស្របពេលនឹងការអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ ដែលនឹងខិតជិតមកដល់នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





