ឯកឧត្តម សុត រស្មី អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាពសំណង់ធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តកោះកុង
AKP ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម (គល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនាថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង មាន៖ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តកោះកុង។

ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្ដរក្រសួងបាន ចុះពិនិត្យ និងវាយតម្លៃសំណង់ធារាសាស្ដ្រ ចំនួន ៤ទីតាំង រួមមាន៖
១. ការងារស្តារប្រឡាយមេលេខ៩០ និងសាងសង់សំណង់សិល្បការ្យ ស្ថិតនៅក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ (សម្រេចបាន ១០០%)។
២. ការងារស្តារប្រឡាយមេពង់មួយ និងសាងសង់សំណង់សិល្បការ្យ ស្ថិតនៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (សម្រេចបាន ១០០%)។
៣. ការងារស្តារប្រឡាយមេរំដោះទឹកស្រះកែវ និងសាងសង់សំណង់សិល្បការ្យ (ជំហានទី១) ស្ថិតនៅឃុំក្រាំងលាវ ស្រុកបាទី និងឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ (ក្រោយបញ្ចប់រយៈពេលធានាគុណភាព ១២ខែ)។
៤. ការងារជួសជុលទំនប់អាងទឹកជ្រោយប្រស់ទី២ និងសាងសង់សំណង់សិល្បការ្យ (ជំហានទី២) ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង (ក្រោយបញ្ចប់រយៈពេលធានាគុណភាព ១២ខែ)។
ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរនាយកដ្ឋានវិស្វកម្មដែលបានអនុវត្តការងារត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីបម្រើដល់ការស្រោចស្រព ការរំដោះទឹក និងការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងបានផ្តាំផ្ញើដល់មន្ទីរជំនាញឱ្យបន្តសហការជាមួយអាជ្ញាធរ ប្រជាពលរដ្ឋ និងសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សប្រកបដោយចីរភាព៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





