ក្រសួងផែនការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«លទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥»
AKP ភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦--ក្រសួងផែនការបានរៀបចំពិធីប្រកាសផ្សព្វផ្សាយ«លទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ។សមាសភាពចូលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងផែនការ លោកស្រី Xiaoyan QIAN នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការអន្តរជាតិខាងការងារ (ILO) ធនាគារពិភពលោក (WB) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានសហការអនុវត្តការងារអង្កេតនេះរហូតទទួលបានជោគជ័យ។

គោលបំណងនៃការរៀបចំពិធីនេះឡើង គឺដើម្បីធ្វើការប្រកាសផ្សព្វផ្សាយជាផ្លូវការនូវលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ជូនរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ អ្នកប្រើប្រាស់ទិន្នន័យ និងសាធារណជន នូវទិន្នន័យ និងសូចនាករស្ថិតិផ្លូវការ ដែលមានគុណភាព និងអាចជឿទុកចិត្តបាន ស្តីពីស្ថានភាព និងនិន្នាការទីផ្សារការងារនៅកម្ពុជា ស្របតាមស្តង់ដារស្ថិតិជាតិ និងអន្តរជាតិ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយ ការធ្វើផែនការ ការតាមដាននិងត្រួតពិនិត្យ និងការវាយតម្លៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយផ្អែកលើភស្តុតាង។
យោងតាមលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៥ និងរបាយការណ៍របស់ ឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តមរដ្ឋមន្ត្រីបានលើកយកទិន្នន័យគន្លឹះសំខាន់ៗនៃលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ មកបង្ហាញដូចខាងក្រោម៖
ប្រជាជនក្នុងអាយុធ្វើការ៖ ក្នុងឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់។

ផលធៀបអ្នកនៅក្នុងបន្ទុក ៖ អត្រានៅក្នុងបន្ទុកសរុបរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ គឺមានចំនួន៤៩,៥% ដោយនៅតំបន់ទីប្រជុំជនមាន ៤៥,៩% និងនៅតំបន់ជនបទមាន ប្រមាណ ៥២,០%។ ភាគច្រើននៃអត្រានៅក្នុងបន្ទុកនេះ គឺបណ្តាលមកពីចំនួនប្រជាជនវ័យក្មេងដែលស្ថិតនៅអាយុក្រោម ១៥ឆ្នាំ ដែលមានរហូតដល់ ៣៧,៩%។ អត្រាក្នុងបន្ទុកនេះបានធ្លាក់ចុះប្រមាណ ១,១% ពី ៥០,៦% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៤៩,៥% ក្នុងឆ្នាំ២០២៥។ អត្រាក្នុងបន្ទុកប្រជាជនវ័យក្មេងដែលស្ថិតនៅអាយុក្រោម ១៥ឆ្នាំ ក៏មាន និន្នាការថយចុះពី ៤០,៤% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៣៧,៩% ក្នុងឆ្នាំ២០២៥។
អត្រាចូលរួមកម្លាំងពលកម្ម៖ ក្នុងចំណោមប្រជាជនក្នុងអាយុធ្វើការទាំងអស់ អត្រាអ្នកចូលរួមក្នុងកម្លាំងពលកម្មនៅកម្ពុជាមានចំនួន ៧១,៦% (ប្រុស ៧៧,៧% និងស្រី ៦៥,៩%) ដែលបានកើនឡើងពី ៦៩,៣% ក្នុងឆ្នាំ២០១៩ មកដល់ ៧១,៦% ក្នុងឆ្នាំ២០២៥។
អត្រាមានការងារធ្វើ៖ ក្នុងឆ្នាំ២០២៥ ក្នុងចំណោមប្រជាជនស្ថិតក្នុងអាយុធ្វើការទាំងអស់ (អាយុ១៥ឆ្នាំឡើង) មានចំនួន ៦៩,០% ឬប្រមាណ ៩,១លាននាក់ ក្នុងនោះវិស័យសេវាកម្មមាន ៤៣,០% វិស័យឧស្សាហកម្ម ២៩,៤% និងវិស័យកសិកម្ម ២៧,៦%។
អត្រាអត់ការងារធ្វើ៖ ក្នុងឆ្នាំ២០២៥ ប្រជាជនអាយុ ១៥ ឆ្នាំឡើង ដែលស្ថិតក្នុងភាពគ្មានការងារធ្វើមានប្រមាណ ៣,៦% ស្មើនឹងប្រមាណ ៣៤២ ០៦៧នាក់ (ប្រុស ១៤៦ ៥០៤នាក់ និង ស្រី ១៩៥ ៥៦៤ នាក់)។

អត្រាអ្នកស្ថិតនៅក្រៅកម្លាំងពលកម្ម ៖ ក្នុងឆ្នាំ២០២៥ ចំណោមប្រជាជនស្ថិតក្នុងអាយុធ្វើការទាំងអស់ មានប្រជាជនប្រមាណ ២៨,៤% (ឬប្រមាណ ៣,៧លាននាក់) ត្រូវបានចាត់ទុកជាប្រជាជនដែលស្ថិតនៅក្រៅកម្លាំងពលកម្ម ធៀបនឹងឆ្នាំ២០១៩ អត្រាប្រជាជនដែលស្ថិតក្រៅកម្លាំងពលកម្មមានប្រមាណ ៣០,៧% ឆ្លុះបញ្ចាំងឱ្យឃើញថា ប្រជាជនដែលត្រូវបានចាត់ទុកស្ថិតក្រៅកម្លាំងពលកម្មមាននិន្នាការថយចុះ ដែលជាកត្តាវិជ្ជមាននាំឱ្យអត្រានៃការចូលរួមកម្លាំងពលកម្មរបស់ប្រជាជនមាននិន្នាការកើនឡើង។
ការងារក្នុង និងក្រៅប្រព័ន្ធ៖ លទ្ធផលនៃការអង្កេតបង្ហាញថា ប្រជាជនមានការងារធ្វើប្រមាណ ៧៥,១% ស្ថិតក្នុងការងារក្រៅប្រព័ន្ធ និង ២៤,៩% ស្ថិតក្នុងការងារក្នុងប្រព័ន្ធ។
ប្រាក់ចំណូលពីការងារ៖ ប្រាក់ឈ្នួលប្រចាំខែជាមធ្យមសម្រាប់ការងារចម្បងរបស់និយោជិត គឺ ១ ២០១ ៤៣៦រៀល (និយោជិតប្រុស ១ ២៦៣ ៥៣៣រៀល និងស្រី ១ ១២១ ៣១៦រៀល)។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាអាទិភាពស្នូល។លទ្ធផលអង្កេតនេះគឺជាភស្តុតាងដ៏សំខាន់សម្រាប់រៀបចំគោលនយោបាយ ធ្វើផែនការ និងអន្តរាគមន៍ឱ្យចំគោលដៅ សំដៅគាំទ្រដល់ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

មុននឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «លទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥» ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សា អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ រួមគ្នាធ្វើឱ្យ «ទិន្នន័យក្លាយជាភស្តុតាង ហើយភស្តុតាងក្លាយជាសកម្មភាព» ដោយយកលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ ទៅប្រើប្រាស់ឱ្យបានទូលំទូលាយនិងមានប្រសិទ្ធភាព ក្នុងការរៀបចំគោលនយោបាយ ការសម្រេចចិត្ត និងការវិនិយោគឱ្យកាន់តែចំគោលដៅ និងឆ្លើយតបនឹងការប្រែប្រួលនៃទីផ្សារការងារ៕
ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងផែនការ)





