លេខាធិការដ្ឋាន គ.ប.ឆ.ប.៖ ក្នុងប្រតិបត្តិការជាង១ឆ្នាំ ថវិកាជាង ៣០០លានដុល្លារ ត្រូវបានបង្កក ខណៈសំណុំរឿង៤៤៦ ករណី ស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ២០២៦
ក្នុងប្រតិបត្តិការរយៈពេលជាង ១ឆ្នាំ នេះ សមត្ថកិច្ចកម្ពុជា បានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះ ថវិកាជាង ៣០០លានដុល្លារអាម៉េរិក ក្នុងគណនីធនាគារ ត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀត ដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។ នេះបានសបញ្ជាក់ការអនុវត្តច្បាប់ដោយភាពម៉ឺងម៉ាត់ ជាមួយវិធានការផ្លូវច្បាប់ ដើម្បីកាត់ផ្តាច់លំហូរហិរញ្ញវត្ថុ និងផលនៃបទល្មើសរបស់បណ្តាញឧក្រិដ្ឋជនរបស់ឧក្រិដ្ឋជន។ នេះបើយោងតាមលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដែលបានចេញផ្សាយរបាយការណ៍បូកសរុបលទ្ធផលប្រតិបត្តិការ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយបង្ហាញពីលទ្ធផលនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។

ជាមួយគ្នានេះ ដំណើរការនីតិវិធីតុលាការកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ដើម្បីផ្តន្ទាទោសជនល្មើសទៅតាមផ្លូវច្បាប់ជាធរមាន។ សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងសរុបចំនួន ៤៤៦ ករណី ទៅកាន់តុលាការ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ៣ ៩២៧ នាក់ រួមមានទាំងមេខ្លោង និងគូកន មកពី ២៩ សញ្ជាតិ។
ជាមួយនឹងការអនុវត្តនីតិវិធីផ្តន្ទាទោសចំពោះឧក្រិដ្ឋជន សមត្ថកិច្ច ក៏បានអនុវត្តន៍វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីអាជ្ញាធរដែលរកឃើញថាមានការជាប់ពាក់ព័ន្ធផងដែរ ក្នុងនោះ មានសំណុំរឿងចំនួន ៤ ករណី ពាក់ព័ន្ធនឹងជនសង្ស័យ ១៥ នាក់ ត្រូវបានចាត់វិធានការ រួមមាន៖ ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងនគរបាលរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយបានឱ្យដឹងថា កងកម្លាំងសមត្ថកិច្ចជំនាញ បានអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៨៣២ ទីតាំង ដោយក្នុងនោះ បានឈានទៅបើកប្រតិបត្តិការបង្ក្រាបបានចំនួន ៦៦៣ ទីតាំង។ ទន្ទឹមនេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក (Scam Compounds) ធំៗចំនួន ៨៦ ទីតាំង ដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងអនុវត្តន៍នីតិវិធីដើម្បីឈានទៅរឹបអូសតាមច្បាប់ជា ធរមាន។

លេខាធិការដ្ឋាន គ.ប.ឆ.ប. ក៏បានគូសបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ គ្មានទៀតទេទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា»។ ទោះបីជាសកម្មភាពឆបោកមួយចំនួននៅតែបន្តកើតមាន ប៉ុន្តែវាបានផ្លាស់ប្តូររូបភាពទៅជាប្រតិបត្តិការតូចៗ ដែលលួចលាក់ ផ្សងព្រេង ដើម្បីធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ តាមផ្ទះ តាមរថយន្ត ឬហាងកាហ្វេជាដើម។ យោងតាមលេខាធិការដ្ឋាន គ.ប.ឆ.ប.បានឱ្យដឹងទៀតថា ជាមួយការវិវត្តនេះ ចាំបាច់ទាមទារឱ្យមាន កិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងការតាមដាន និងផ្តល់ព័ត៌មានអំពីទីតាំងសង្ស័យនានា ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។
តាមរបាយការណ៍ដដែលបន្ដថា ក្នុងប្រតិបត្តិការបោសសម្អាតនេះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣០ ០០០ នាក់ ដែលមាន ៣៩ សញ្ជាតិ ក្នុងនោះ អាជ្ញាធរកម្ពុជា បានជួយសង្គ្រោះ និងអនុវត្តន៍នីតិវិធីធ្វើមាតុភូមិនិវត្តន៍ជនបរទេសបានចំនួនជាង ២២ ០០០ នាក់ មកពី ៣៨ សញ្ជាតិ។
ជាមួយគ្នានេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់លើកាស៊ីណូចំនួន ២៧ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះបានដកហូតអាជ្ញាបណ្ណចំនួន ១៨ កាស៊ីណូ និងព្យួរអាជ្ញាបណ្ណចំនួន ៩ កាស៊ីណូ។ ជាងនេះទៀត សមត្ថកិច្ចកំពុងបន្តត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ដើម្បីចាត់វិធានការតាមច្បាប់ចំពោះកាស៊ីណូណាដែលប្រព្រឹត្តសកម្មភាពល្បែងស៊ីសង ឬភ្នាល់តាមអនឡាញ (Online Gambling / Online Sports Betting) ដោយខុសច្បាប់។
ក្នុងរបាយការណ៍បានបន្ថែមថា ទាំងនេះជាលទ្ធផលនៃប្រតិបត្តិការអនុវត្តច្បាប់នៅលើដីជាក់ស្តែង ដែលសម្រេចបានក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ បន្ថែមពីនេះទៀត កិច្ចខិតខំរបស់រាជរដ្ឋាភិបាលនៅតែបន្ត ដោយអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ បង្ក្រាប និងរៀបចំនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់បទល្មើសនេះឱ្យអស់ពីកម្ពុជា។
លេខាធិការដ្ឋាន គ.ប.ឆ.ប. ក៏បានឱ្យដឹងទៀតថា អាជ្ញាធរកម្ពុជា សូមស្វាគមន៍ និងអំពាវនាវជាថ្មីដល់សាធារណជន និងភាគីទាំងអស់ឱ្យចូលរួមផ្តល់ព័ត៌មាន ឬតម្រុយអំពីទីតាំងសង្ស័យនានា ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការឆ្លើយតបបានឆាប់រហ័ស និងមានកិច្ចសហការគ្នាល្អ៕
ដោយ៖ រិទ្ធី, ប្រភព៖ លេខាធិការដ្ឋាន គ.ប.ឆ.ប.





