ក្រុមការងារពិសេសជំរុញការវិនិយោគ ពិនិត្យសំណើបង្កើតតំបន់សហគ្រាស និងរោងចក្រក្នុងស្រុក-ក្រុងចំនួន៣ នៅខេត្តព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសុំសម្របសម្រួលលើសំណើវិនិយោគគម្រោងបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) ស្ថិតនៅក្រុងកំពង់សោម ស្រុកព្រៃនប់ និង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

អង្គប្រជុំ បានផ្តោតការពិភាក្សាលើបញ្ហាដីធ្លី និង ស្ថានភាពនៃការកាន់កាប់ដីជាក់ស្តែងនៅទីតាំងដែលបានស្នើសុំវិនិយោគ ។ ជាមួយនេះ, អង្គប្រជុំបានផ្តល់ធាតុចូល ពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ នីតិវិធីនៃការគ្រប់គ្រងដីធ្លី និង ភាពស្មុគស្មាញនៃការកាន់កាប់ជាក់ស្តែងនៅទីតាំងនោះ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ និង មានសង្គតិភាព មុននឹងឈានដល់ការពិនិត្យលើសំណូមពរផ្សេងៗរបស់ក្រុមហ៊ុន ដែលបានស្នើសុំការសម្របសម្រួល និង ការលើកទឹកចិត្តពិសេសនានាពីរាជរដ្ឋាភិបាល ។

ជាលទ្ធផលនៃកិច្ចពិភាក្សា, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគនេះ ដែលមានសក្តានុពលក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ក្នុងខេត្តព្រះសីហនុ ។ យ៉ាងណាមិញ ដោយសារការស្នើសុំនេះមានការពាក់ព័ន្ធភាគច្រើនទៅនឹងភាពមិនទាន់ច្បាស់លាស់នៃបញ្ហាកាន់កាប់ដីធ្លី ក្រុមការងារបានផ្តល់ការណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ បន្តសហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និង រដ្ឋបាលខេត្ត ដើម្បីធ្វើការសិក្សា និង សម្របសម្រួលដោះស្រាយ ស្របតាមច្បាប់ និង នីតិវិធី ឱ្យបានច្បាស់លាស់សិន មុននឹងឈានដល់ការពិនិត្យសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត និង ការអនុគ្រោះនានា ៕

ដោយ៖ ទូច វលក័្ខណ (ប្រភព:ក្រសួងសេដ្ឋកិច្ច)





