ឯកឧត្តម គីម វីរៈ ៖ ព្យុះក្នងតំបន់ បានកើតមានជាបន្តបន្ទាប់ខុសប្រក្រតី ភ្លៀងនៃអាងទន្លេមេគង្គលើ បណ្តាលឱ្យទឹកទន្លេមេគង្គមានការកើនឡើងយ៉ាងគំហុក
AKP ភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៦– ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា ក្នុងខែសីហា ឆ្នាំ២០២៦ ព្យុះក្នុងតំបន់បានកើតមានជាបន្តបន្ទាប់ខុសប្រក្រតី ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គលើ និងភូមិសាស្រ្តកម្ពុជា ដែលបណ្តាលឱ្យទឹកទន្លេមេគង្គមានការកើនឡើងយ៉ាងគំហុក ដែលក្នុងនេះកម្ពស់ទឹកស្ថានីយជលសាស្រ្តស្ទឹងត្រែង ឡើងដល់កម្រិតប្រកាសប្រុងប្រយ័ត្ន និងស្ថានីយជលសាស្ត្រក្នុងខេត្តក្រចេះ និងកំពង់ចាម ក៏មានកើនឡើងជិតដល់កម្រិតប្រុងប្រយ័ត្ន។

ឯកឧត្តម មានប្រសាន៍ដូចនេះនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោក ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។ ឯកឧត្តម មានប្រសាសន៍ទៀតថា ស្ថានភាពជលសាស្ត្រចាប់ពីពាក់កណ្តាលខែសីហាមក តំបន់ទំនាបមួយចំនួនក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ ចាប់ផ្តើមទទួលការជន់លិចជាបណ្ដើរៗ និងប៉ះពាល់ដល់លំនៅឋាន ដីស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ជាបន្តបន្ទាប់។

ក្នុងស្ថានភាពនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ សម្រាប់ការត្រៀមរៀបចំក្នុងការអន្តរាគមន៍ ឆ្លើយតប និងគ្រោះទឹកជំនន់ ហើយក្នុងនោះក្រសួងស្ថាប័នជំនាញក៏ បានចេញសេចក្តីណែនាំបន្ថែមទៀត ក្នុងការងារជំនាញ ក្នុងគោលដៅកាត់បន្ថយហានិភ័យទឹកជំនន់ នៅតាម តំបន់មូលដ្ឋានទទួលរងគ្រោះ។គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញនូវផែនការសកម្មភាពការងារ ដើម្បីជំរុញ ប្រសិទ្ធភាព ក្នុងការត្រៀមរៀបចំ ឆ្លើយតប និងស្តារឡើងវិញពីគ្រោះមហន្តរាយនានាឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

ឯកឧត្តម អគ្គលេខាធិការ បានជំរុញការអនុវត្តផែនការសកម្មភាព និងវិធានការអាទិភាព ដើម្បីពង្រឹងប្រសិទ្ធភាពនៃការត្រៀមបង្ការ ការត្រៀមបម្រុង ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្ដារឡើងវិញក្រោយគ្រោះមហន្តរាយឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ៕
ដោយ៖ ណយ នឿន (ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ )





