ឯកឧត្តម ម៉ៅ ធនិន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ ទីតាំងថតរូបថ្មី (បាតដៃ)
AKP កំពត ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំងបាតដៃ ដែលជាកន្លែងថតរូបថ្មី ស្ថិតក្នុងបរិវេណឆ្នេរថ្មី ក្រុងកំពត។
គិតមកទល់ពេលនេះ ការងាររៀបចំទីតាំងទាក់ទាញដ៏លេចធ្លោមួយនេះ សម្រេចបានប្រមាណ ៩៨% ហើយ ដោយនៅសេសសល់តែការងារលាបថ្នាំ ការរៀបចំដំឡើងបង្កាន់ដៃសុវត្ថិភាព និងការសម្អាតបរិវេណជុំវិញឱ្យមានសោភ័ណភាពស្អាតប៉ុណ្ណោះ។


សមិទ្ធផលថ្មីមួយនេះ ត្រូវបានរំពឹងថានឹងក្លាយជាចំណុចទាក់ទាញទេសចរណ៍ដ៏សំខាន់មួយទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្ត ព្រមទាំងផ្តិតយករូបភាពស្អាតៗនៅក្នុងខេត្តកំពតនាពេលខាងមុខ៕


ដោយ ពេជ្រ សំអឿន (ប្រភព៖ រដ្ឋបាលខេត្តកំពត)





