ឱសថការីគ្រប់រូបត្រូវប្រកបវិជ្ជាជីវៈដោយស្មោះត្រង់ តម្កល់សុខភាព និងជីវិតរបស់អ្នកជំងឺជាចម្បង
AKP កណ្ដាល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦-- លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានអំពាវនាវឱ្យ ឱសថការីគ្រប់រូបត្រូវប្រកបវិជ្ជាជីវៈដោយស្មោះត្រង់ មានការទទួលខុសត្រូវខ្ពស់ តម្កល់សុខភាព និងជីវិតរបស់អ្នកជំងឺជាចម្បង។ ត្រូវចៀសវាងដាច់ខាតនូវអាកប្បកិរិយា ឬសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈឱសថសាស្ត្រ។
លោកអភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ដូច្នេះក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយជាមួយឱសថការីទទួលបន្ទុកបច្ចេកទេសឱសថស្ថានក្នុងខេត្តកណ្តាល ក្នុងគោលបំណងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនការយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល សំដៅធានាសុវត្ថិភាព សុខុមាលភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយមន្ទីរសុខាភិបាលខេត្តកណ្តាល។ ឱសថការីទទួលបន្ទុកបច្ចេកទេសត្រូវត្រួតពិនិត្យប្រភពដើមនៃឱសថឱ្យបានច្បាស់លាស់ ចៀសវាងការចរាចរឱសថក្លែងក្លាយ ឱសថគ្មានលេខទិដ្ឋាការ/បញ្ជីកា ឱសថផុតកាលកំណត់ប្រើប្រាស់ ឬឱសថខូចគុណភាព។ យើងត្រូវយល់ថា សុចរិតភាព គឺជាមូលដ្ឋាន នៃទំនុកចិត្ត។ ឱសថការី និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល គួរតែ មិនផ្តល់ព័ត៌មានបំភាន់អំពីប្រសិទ្ធភាព ឬសុវត្ថិភាពរបស់ឱសថ មិនលើកទឹកចិត្តឱ្យប្រើឱសថដោយគ្មានភាពចាំបាច់ មិនធ្វើសកម្មភាពដែលប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកជំងឺ ឬអ្នកជំនាញសុខាភិបាល ដោយមិនសមស្របគោរពគោលការណ៍វិជ្ជាជីវៈ នៅពេលផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីផលិតផលឱសថ មានភាពត្រឹមត្រូវ តម្លាភាព និងទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។ អ្នកជំងឺមិនមែនគ្រាន់តែជា “អតិថិជន” នោះទេ ដូច្នេះរាល់ការផ្តល់ឱសថដំបូន្មានវិជ្ជាជីវៈត្រូវផ្អែកលើសុវត្ថិភាព ប្រសិទ្ធភាព គុណភាព សុចរិតភាព ការទទួលខុសត្រូវ។


លោកអភិបាលរងខេត្តក៏បានផ្តាំផ្ញើដល់ឱសថការីទទួលបន្ទុកបច្ចេកទេសឱសថស្ថានទាំងអស់ ត្រូវចូលរួមពង្រឹង វប្បធម៌ ប្រកបវិជ្ជាជីវៈដោយសុចរិតភាព គោរពច្បាប់ និងដាក់សុវត្ថិភាពអ្នកជំងឺជាចម្បង។ ការគោរពក្រមសីលធម៌ និងច្បាប់ មិនមែនគ្រាន់តែដើម្បីជៀសវាងការផាកពិន័យឬវិធានការផ្លូវច្បាប់នោះទេប៉ុន្តែ ជាការការពារកិត្តិយសរបស់អ្នកប្រកបវិជ្ជាជីវៈ និងការកសាងទំនុកចិត្តពីសាធារណជន ចំពោះវិស័យសុខាភិបាល។ ការពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល គឺជាកិច្ចការសំខាន់របស់ ឱសថការីទទួលបន្ទុកបច្ចេកទេសឱសថស្ថានគ្រប់រូប ដើម្បីធានាថាអ្នកជំងឺទទួលបានសេវាថែទាំសុខភាព ដែលមានសុវត្ថិភាព គុណភាព និងសមធម៌។ ឱសថការី ត្រូវតែប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ វិជ្ជាជីវៈ និងបង្កើនការទទួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។

លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ ប្រធានមន្ទីរសុខាភិបាលខេត្តស្តីទី បានលើកឡើងថា មូលដ្ឋានសុខាភិបាលខេត្តកណ្តាល មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន១០ មន្ទីរពេទ្យបង្អែកចំនួន១១ ក្នុងនោះមន្ទីរពេទ្យបង្អែកកម្រិត៣ ចំនួន២ មន្ទីរពេទ្យបង្អែកកម្រិត២ ចំនួន២ និងមន្ទីរពេទ្យបង្អែកកម្រិត១ ចំនួន៧ មានមណ្ឌលសុខភាពសរុបចំនួន ១១២ ប៉ុស្តិ៍សុខភាព ចំនួន ៤ និងមានគ្រែសម្រាប់សម្រាកព្យាបាលសរុប ចំនួន ៩៥៦គ្រែទូទាំងខេត្ត៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





