រដ្ឋមន្រ្តីសុខាភិបាល៖ «សេវាសុខាភិបាលសាធារណៈ កាន់តែមានភាពទាក់ទាញប្រជាពលរដ្ឋ ដោយសារតែការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលគ្រប់ឋានុក្រម»
AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦-- សេវាសុខាភិបាលសាធារណៈ កាន់តែមានភាពទាក់ទាញប្រជាពលរដ្ឋ ដោយសារតែការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលគ្រប់ឋានុក្រម។ នេះជាប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣០ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣០៦០នាក់ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានរាយការណ៍ជូនពីលទ្ធផលជាវិជ្ជមាននៃការបង្ហាញរបាយការណ៍សមិទ្ធផលវិស័យសុខាភិបាលជូនដល់ប្រមុខរាជរដ្ឋាភិបាល និងជូនលទ្ធផលជាវិជ្ជមាននេះដល់មន្រ្តីសុខាភិបាល ដែលបានខិតខំរួមគ្នាពង្រឹងវិស័យតាមរយៈការបង្កើនសមត្ថភាពសេវាថែទាំ ព្យាបាលជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានរំលឹកដល់អង្គភាពសុខាភិបាលទាំងអស់ បន្តផ្តោតការយកចិត្តទុកដាក់ ទាក់ទាញការពេញចិត្តមកលើសេវាពីប្រជាពលរដ្ឋ និងរៀបចំយន្តការគ្រប់គ្រងឱសថឱ្យកាន់តែមានសក្តិសិទ្ធិភាព។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជូនបទបឋកថាស្តីពី ការទទួលយកភាពមិនប្រប្រាកដប្រជាហើយប្រែក្លាយភាពមិនប្រាកដប្រជាឱ្យទៅជាកម្លាំងចលករមួយ សម្រាប់បង្កើតឱ្យការរួបរួមគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវរួមក្នុងការជម្នះរាល់ការលំបាក។

សូមជម្រាបជូនថា ក្នុងវគ្គនេះ ក៏មានបទបង្ហាញចំនួន២ផងដែរ។ មណ្ឌលសុខភាពស្វាយជ្រុំ បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីការងារបង្កើនអត្រាការផ្តល់ថ្នាំបង្ការកញ្ជ្រិល ស្អូច (MR2) រីឯមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់បានបង្ហាញពីវឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាលរបស់ខ្លួនរហូតទទួលបានការទទួលស្គាល់ជាមន្ទីរពេទ្យគំរូកម្រិត CPA3៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





