ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េទទួលស្វាគមន៍ប្អូនៗនិស្សិតខ្មែរ នៅព្រលានយន្តហោះអុីនឆន់
AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦---
ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការីនៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦បានអញ្ជើញទទួលស្វាគមន៍ប្អូនៗនិស្សិតកម្ពុជា ដែលទើបមកដល់សាធារណរដ្ឋកូរ៉េ នៅអាកាសយានដ្ឋានអន្តរជាតិអុីនឆន់ ប្រមាណ ៧០រូប ដែលនឹងមកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅតាមគ្រឹះ ស្ថានឧត្តមសិក្សានានា ក្នុងសាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ CAMNEMI KOREA និងសាកលវិទ្យាល័យកូរ៉េនានា ដែលបានជួយសម្របសម្រួលដល់ប្អូនៗនិស្សិតខ្មែរបានមកសិក្សានៅសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើដល់ប្អូនៗនិស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលបញ្ចប់ការសិក្សា។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្អូនៗនិស្សិតគ្រប់រូបឱ្យចូលរួមចំណែកលើកតម្កើងកិត្តិយសជាតិ ផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ខ្មែរដល់មិត្តភក្តិបរទេស ព្រមទាំងកសាង និងពង្រឹងទំនាក់ទំនងល្អជាមួយសហគមន៍ខ្មែរនៅក្នុងប្រទេសកូរ៉េ។


ឯកឧត្តមឯកអគ្គរាជទូត បានជូនពរដល់ប្អូនៗនិស្សិតគ្រប់រូបសមប្រកបនូវសំណាងល្អ សុខភាពល្អ ទទួលបានជោគជ័យក្នុងការសិក្សា និងធ្វើដំណើរទៅកាន់គោលដៅសិក្សាប្រកបដោយសុវត្ថិភាព៕


ដោយ៖ ប៊ុនរិទ្ធ





