ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ស្ដេចយាងទៅពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន
AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦--ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យស្ដេចយាងចាកចេញពីកម្ពុជា ហើយតាមព្រះទីនាំងយន្តហោះពិសេស នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ នៅឯព្រលានយន្តហោះអន្តរជាតិតេជោ មានវត្តមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិកសមាជិកាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីអ្នកមុខអ្នកការ និងព្រះរាជវង្សានុវង្សជាច្រើនរូបទៀត។ ដោយឡែក ដោយឡែក ឯកឧត្ដម ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

នៅក្នុងព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រជូនជនរួមជាតិ ចេញផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ព្រះអង្គបានគូសបញ្ជាក់ថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដើម្បីធ្វើដំណើរទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាម ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា»៕

ដោយ៖ ជឹម ណារី





