ប្រធានក្លឹបការ៉ាតេហនុមាន៖ កីឡាករ កីឡាការិនីធ្វើបានល្អ ឈ្នះមេដាយ១៧គ្រឿង ក្នុងព្រឹត្តិការណ៍ Vientiane Karate Open នៅឡាវ
AKP កណ្តាល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦--ប្រតិភូកីឡាការ៉ាតេដឹកនាំដោយ លោក ឈាង សុវណ្ណរតនា ប្រធានក្លឹបកីឡាការ៉ាតេហនុមាន និងជាសមាជិកសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានលើកបង្ហាញពីការខិតខំប្រែងប្រកួតរបស់កីឡាករ កីឡាការិនីការ៉ាតេនៃក្លឹបចំនួនពីររបស់កម្ពុជាចូលរួមប្រកួតកីឡាការ៉ាតេ Vientiane Karate Open នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយបានឈ្នះមេដយសរុប ១៧គ្រឿងយកមកជូនជាតិក្លឹប និងប្រទេសជាតិ។

នេះជាការឡើងរបស់លោក ឈាង សុវណ្ណរតនា នៅក្នុងឱកាសដឹកនាំប្រតិភូមកដល់មាតុប្រទេសវិញ កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល រួមជាមួយឧញ្ញ៉ា ឈាង សុវណ្ណរតនៈ អនុប្រធានប្រតិភូ និងប្រធានក្លឹបកីឡាការ៉ាតេ រស្មីព្រះអាទិត្យ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីការ៉ាតេដូ ហនុមាន និងក្លិបរស្មីព្រះអាទិត្យដែលតំណាងប្រទេសកម្ពុជាចំនួន ១៩នាក់ ក្រោយពីបញ្ចប់បេសកកម្មប្រកួត នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ មានរយៈពេល ៤ថ្ងៃ ពីថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០២៦។
លោក ឈាង សុវណ្ណរតនា បានគូសបញ្ជាក់ថា មេដាយសរុបចំនួន ១៧គ្រឿងនេះ គឺមេដាយមាស ៧ គ្រឿងមេដាយប្រាក់ ៤គ្រឿង និងមេដាយសំរឹទ្ធ ៦គ្រឿង។ ប្រតិភូកីឡាការ៉ាតេនៃក្លឹបទាំងពីរដឹកនាំដោយរូបលោក ដែលជាសមាជិកសព័ន្ធកីឡាការ៉ាតេកម្ពុជា និងឧញ្ញ៉ា ឈាង សុវណ្ណរតនៈ អនុប្រធានប្រតិភូ និងប្រធានក្លឹបកីឡាការ៉ាតេ រស្មីព្រះអាទិត្យ។

ប្រធានប្រតិភូបានគូសបញ្ជាក់ទៀតថា ដំណើរបេសកកម្មនេះទទួលបានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំកីឡាការ៉ាតេកម្ពុជា ដោយកីឡាករ កីឡាការិនីការ៉តេក្លឹបការ៉ាតេហនុមាន និងក្លឹបការ៉ាតេរស្មីព្រះអាទិត្យធ្វើបានល្អ ដោយឈ្នះមេដាយសរុប ១៧គ្រឿងជូនជាតិមាតុភូមិ។ ជាមួយការខិតខំប្រឹងប្រែងរបស់អត្តពលិកការ៉ាតេកម្ពុជាបានបង្ហាញពីសមត្ថភាពរបស់យើងថាមិនចាញ់ប្រទេសជិតខាងនោះទេ ហើយការទទួលបានមេដាយនេះ គឺជាការឈ្នះដោយគុណភាពបច្ចេកទេស និងសីលធម៌។
លោក ឈាង សុវណ្ណរតនា បន្ថែមថា ការប្រកួតនេះមានប្រទេសចូលរួមត្រឹម៤ប្រទេសក៏ពិតមែន ប៉ុន្តែកីឡាករ កីឡាការិនីមកពីប្រទេសនានាមានចំនួនច្រើនចាប់ពីវ័យក្មេងចាប់ពីអាយុក្រោម៨ឆ្នាំឡើងដល់ពេញវ័យ។ ដូច្នេះការប្រកួតរយៈពេល២ថ្ងៃ ដែលប្រទេសឡាវធ្វើម្ចាស់ផ្ទះនេះ គឺអត្តពលិកកម្ពុជាយើងធ្វើបានល្អ បើប្រៀបធៀបនឹងគុណភាពកាលពីមុន មកដល់ពេលនេះ គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ តាមរយៈការចូលរួមក្នុងការប្រកួតអន្តរជាតិកម្រិតតំបន់អាស៊ាននេះ ក្នុងនាមយើងទាំងអស់គ្នាពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលបានផ្តល់ឱកាសដល់កីឡាករ កីឡារិនីនៃក្លឹបការ៉ាតេទាំងពីរបានចូលរួមបង្កើនគុណភាពបច្ចេកទេស និងដណ្តើមបានមេដាយជូនជាតិជាមួយនឹងការបន្តខិតខំប្រឹងប្រែងអភិវឌ្ឍបច្ចេកទេសឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកបន្ថែមថា បើទោះបីជា កីឡាករ កីឡាការិនីយើងធ្វើបានល្អប្រសើរ ក្នុងការប្រកួតនេះក្តី ក៏យើងខ្ញុំជំរុញ និងលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីបន្តកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់សម្រួចគុណភាពបច្ចេកទេសឱ្យកាន់តែមុតស្រួច ដើម្បីត្រៀមចូលរួមប្រកួតប្រជែង នៅក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (University Games) នាឆ្នាំ២០២៨ខាងមុខ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ៕
ដោយ ហេង ណាលីន





