ឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមជាមួយបងប្អូនអតីតយុទ្ធជនកំពុងរស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតី ថ្លុកព្រីង គោរពវិញ្ញាណក្ខន្ធសពអតីតយុទ្ធជនពិការដោយសារសង្គ្រាម
AKP កំពង់ធំ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦--ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតី ថ្លុកព្រីង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោធិបតី នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានរួមគ្នាគោរពវិញ្ញាណក្ខន្ធសពលោកពលបាលទោ អៀត កៅ អាយុ ៥៨ឆ្នាំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដោយរោគាពាធ។ ពិធីនេះប្រព្រឹត្តិទៅនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតី ថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ។

លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានឡើងអានសារលិខិតចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជានិងដោយគូសបញ្ជាក់អំពីប្រវត្តិស្នាដៃសំខាន់ៗរបស់លោកពលបាលទោ អៀត កៅ ដែលធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៦ អតីតនៅអង្គភាពកងពលធំលេខ២ ចាស់។មលោក អៀត កៅ ត្រូវបានរងរបួសដោយត្រូវគ្រាប់អំបែងខ្ទាតនៅក្នុងសមរភូមិពពក ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងឆ្នាំ១៩៩៣ ក្រោយមកក្រសួងការពារជាតិបានវាយតម្លៃដាក់ឱ្យចូលជាយោធិនពិការនៅឆ្នាំ២០០២។ លោកមានភរិយាឈ្មោះ យិន ផល្លា អាយុ ៥៣ឆ្នាំ មានកូន និងចៅៗនៅក្នុងបន្ទុកចំនួន ០៥នាក់។ ដោយកន្លងមកគាត់គ្មានដី គ្មានផ្ទះរស់នៅ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងអាជ្ញាធរដែនដី និងគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ប្រគល់ដីសម្បទានសង្គមកិច្ចជូនគាត់ ១ហិកតា និងផ្ទះ ១ខ្នង ដើម្បីរស់នៅកសាងជីវភាពថ្មី។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកពលបាលទោ អៀត កៅ ដែលជាអតីតយុទ្ធជនធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ ឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា បច្ចុប្បន្ននេះបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីមថ្លុកព្រីង មានចំនួន ២៤១ខ្នងផ្ទះ ចំនួន ២៦៩គ្រួសារ មានសមាជិកគ្រួសារសរុបចំនួន ៧៥៤នាក់ (ស្រី ៣៧៥នាក់) ហើយបងប្អូនអតីតយុទ្ធជនយើង ដោយសារមានជំងឺប្រចាំកាយ និងរបួសសើរើបានទទួលមរណភាពអស់ចំនួន ២២នាក់ហើយ។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនមនិងនិវត្តជនកម្ពុជា និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវប្រគល់ជូនក្រុមគ្រួសារសពផងដែរ៕

ដោយ៖ ស៊ុម វណ្ណា





