អភិបាលរងខេត្តកណ្តាល ចុះសួរសុខទុក្ខភរិយាវីរៈកងទ័ពទើបសម្រាលកូន នៅស្រុកស្អាង
AKP កណ្ដាល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦--លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងអាជ្ញាធរស្រុកស្អាង នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ លោកស្រី ពយ ម៉ាប់ ភរិយាវីរៈកងទ័ពឈរជើងនៅកងពលការពារដែនអាកាសលេខ៣ ខេត្តព្រះវិហារ ដែលទើបសម្រាលកូន នៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងនាមថ្នាក់ដឹងនាំ ក៏ដូចជាប្រជាពលរដ្ឋនៅសមរភូមិក្រោយ និងបន្តយកចិត្តទុកដាក់ និងគាំទ្រយ៉ាងជិតស្និតដល់វីរៈកងទ័ព និងគ្រួសារកងទ័ព។ លោកស្រីបានថ្លែងអំណរអរគុណ និងផ្ដល់ជាកម្លាំងចិត្តដល់ប្អូនស្រី ក៏ដូចជាក្រុមគ្រួសារដែលបានលះបង់ប្ដី និងសាច់ញាតិឱ្យទៅបម្រើជាកងទ័ព ដែលបានបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដីប្រកបដោយភាពអង់អាចក្លាហាន ដើម្បីការពារប្រទេសជាតិពីការឈ្លានពានរបស់សត្រូវ។

អំណោយដែលបានផ្ដល់ជូនភរិយាវីរៈកងទ័ពរួមមាន អង្ករ ២៥គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១ ទឹកសុទ្ធ ០១កេស ខោអាវមនុស្សធំ-កុមារ និងក្រមា ០១កញ្ចប់ និងថវិកា ១លានរៀល៕

ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





