តួកគីប្រារព្ធខួបលើកទី១០៤ នៃទិវាជ័យជំនះ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ -- ប្រធានាធិបតីតួកគី លោកRecep Tayyip Erdoğan បានចេញសារអបអរសាទរខួបលើកទី១០៤ នៃទិវាជ័យជំនះ ថ្ងៃទី៣០ ខែសីហា ដោយរំលឹកដល់ជ័យជម្នះដ៏អស្ចារ្យ ដែលត្រូវបានគេស្គាល់ផងដែរថា ជាសមរភូមិនៃអគ្គមេបញ្ជាការនៅក្នុងសង្គ្រាមឯករាជ្យរបស់ប្រទេស។ លោក Erdoğan បានអបអរសាទរដល់ប្រជាជាតិតួកគី ជនជាតិស៊ីបតួកគី និងប្រជាពលរដ្ឋទូទាំងពិភពលោក ដោយលោកបានសង្កត់ធ្ងន់ថា ជ័យជម្នះជាប្រវត្តិសាស្ត្រនេះ បានបញ្ជាក់សារជាថ្មីនូវទឹកដីនេះជាមាតុភូមិដ៏អស់កល្បរបស់ប្រទេស និងបានបើកផ្លូវសម្រាប់ការបង្កើតសាធារណរដ្ឋតួកគី។
នៅក្នុងសុន្ទរកថារបស់លោក លោក Erdoğan បានគូសបញ្ជាក់ថាភាពក្លាហាន និងការតាំងចិត្តដែលបានបង្ហាញកាលពី ១០៤ឆ្នាំមុន នៅតែបន្តជំរុញប្រទេសតួកគីសម័យទំនើប ខណៈដែលវាឈានទៅមុខឆ្ពោះទៅរកគោលដៅជាតិរបស់ខ្លួននៅទូទាំងវិស័យសំខាន់ៗ រួមទាំងការពារជាតិថាមពល វិទ្យាសាស្ត្រ និងគោលនយោបាយការបរទេស។ លោកបានគូសបញ្ជាក់ពីគោលនយោបាយការបរទេសប្រកបដោយភាពសកម្ម និងមនុស្សធម៌របស់ប្រទេស ក្នុងចំណោមអស្ថិរភាពសកលលោក និងតំបន់ដោយអះអាងថា តួកគីនៅតែប្តេជ្ញាចិត្តក្នុងការឈរប្រឆាំងនឹងការគាបសង្កត់ការថែរក្សាយុត្តិធម៌ និងការលើកកម្ពស់សន្តិភាពក្នុងតំបន់។
ជាទីបញ្ចប់នៃសេចក្តីថ្លែងការណ៍ លោក Erdoğan បានសម្តែងការដឹងគុណចំពោះប្រជាពលរដ្ឋ និងមិត្តភក្តិអន្តរជាតិដែលបានចូលរួមចំណែកដល់ «សតវត្សរ៍នៃប្រទេសតួកគី» ហើយបានដកស្រង់សុភាសិតតួកគីបុរាណមួយ ដើម្បីបង្ហាញពីភាពធន់យូរអង្វែងរបស់ប្រទេសជាតិប្រឆាំងនឹងបញ្ហាប្រឈមពីខាងក្រៅ។ លោកបានគោរពវិញ្ញាណក្ខន្ធលោក Gazi Mustafa Kemal Atatürk អគ្គមេបញ្ជាការនៃជ័យជម្នះដ៏អស្ចារ្យ រួមជាមួយសមមិត្តប្រដាប់អាវុធ យុទ្ធជនដែលបានពលីជីវិត និងអតីតយុទ្ធជន ដែលបានធានាឯករាជ្យភាពរបស់ប្រទេសជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





