កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦--រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភ បំពានរបស់ប្រទេសថៃមកលើ អធិប តេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្តោយព្រំដែន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦បានលើកឡើងថានៅថ្ងៃទី២២ និងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ ចូលក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ក្នុងភូមិថ្មជូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ។
ការរំលោភបំពាននេះបានកើតឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចដោយគ្មានការ អនុញ្ញាតរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ មកកាន់តំបន់អានសេះ នៃខេត្តព្រះវិហាររបស់កម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។
រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពខាងលើ ដែលជាការរំលោភបំពានយ៉ាង ជាក់ ច្បាស់លើអធិបតេយ្យ និងបូរណ ភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទី ខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម និងមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ក៏ដូចជាចំណុចទី១ (វិធានការកាត់បន្ថយ ភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។ សកម្មភាពដែលបានរៀបរាប់ខាងលើនេះមិនប៉ះពាល់ ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជា ណាចក្រកម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានរៀបប្រាប់ខាងលើ ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកងក ម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនមក ដើម្បី បន្ធូរបន្ថយស្ថានការណ៍ ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្រួលដល់ការដោះស្រាយដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រា យរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាង ទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕
ដោយ៖ប៊ុនរិទ្ធ





